(សេអ៊ូល)៖ ទោះបីជាដឹងថាមិនអាចទៅរួចក៏ដោយ អ្នកតំណាងរាស្ត្រកូរ៉េខាងត្បូង លោក ផាក ជីវ៉ុន (Park Jie-won) ដែលជាប្រធានគណបក្សប្រជាជនកូរ៉េនៅថ្ងៃចន្ទនេះ បានជំរុញឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ស្នើសុំទៅកូរ៉េខាងជើងក្នុងការធ្វើបត្យាប័ននាំជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើ លោក គីម ជុងណាំ ត្រឡប់ទៅម៉ាឡេស៊ី ដើម្បីដឹកនាំការស៊ើបអង្កេតឱ្យកាន់តែស៊ីជំរៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រតិកម្មរបស់ លោក ផាក ជីវ៉ុន ធ្វើឡើងបន្ទាប់ពីប៉ូលិសម៉ាឡេស៊ី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាខ្លួន កំពុងតាមស្វែងរកជនជាតិកូរ៉េខាងជើង០៤នាក់បន្ថែមទៀត នៅក្នុងសំណុំរឿងលោក គីម ជុងណាំ។ ទន្ទឹមគ្នានោះខាងប៉ូលិសម៉ាឡេស៊ីជឿជាក់ថា ជនសង្ស័យទំាងនេះទំនងជាបានត្រឡប់ទៅកាន់ទីក្រុង ព្យុងយ៉ាង វិញតាំងតែពីថ្ងៃទី១៧ ខែកុម្ភៈម្ល៉េះ។
លោក ផាក ជីវ៉ុន បានឱ្យដឹងដូច្នេះថា «បើសិនជាកូរ៉េខាងជើងមិនមែនជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះទេ ពួកគេគួរតែធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈការធ្វើបត្យាប័នជនសង្ស័យទំាងបួននាក់ និងធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយ (...) ហើយយើងសង្ឃឹមថារដ្ឋាភិបាលកូរ៉េខាងត្បូង អាចនឹងធ្វើកិច្ចសហការជាមួយសមាភាគីម៉ាឡេស៊ី សំដៅទម្លាយអាថ៌កំបាំងនៃឃាតកម្មលើបងប្រុសលោក គីម ជុងអ៊ុន»។
គួរបញ្ជាក់ថា លោក គីម ជុងណាំ ត្រូវបានគេធ្វើឃាតនៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ រីឯកូរ៉េខាងត្បូង និងសហរដ្ឋអាមរិក រួមទំាងម៉ាឡេស៊ីសុទ្ធតែយល់ថា របបដឹកនាំលោក គីម ជុងអ៊ុន អាចជាអ្នកនៅពីក្រោយនៃការសម្លាប់បងប្រុសម្ដាយទីទៃរបស់ខ្លួន៕