(វ៉ាស៊ីនតោន)៖ ការងារដំបូងរបស់លោក រិច ធីល្លឺសុន ដែលត្រូវអនុវត្តន៍ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិកនោះគឺលោក បានបង្គាប់ឱ្យក្រុមមន្ត្រីរៀបចំឯកសារព័ត៌មាន សម្រាប់រូបលោក «មិនឱ្យលើសពីពីរទំព័រនោះទេ» ហើយដែលនេះបានធ្វើឱ្យមនុស្សមួយចំនួនយល់ថា លោកកំពុងប្រើប្រាស់របៀបដឹកនាំ ក្រុមហ៊ុនមកដឹកនាំការងារនៅសេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
អតីត CEO ក្រុមហ៊ុនប្រេង Exxon Mobil លោក ធីល្លឺសុន ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ផ្ដោតសំខាន់លើប្រសិទ្ធិភាពក៏ប៉ុន្តែដោយសារតែហេតុផលនេះ ឯង ទើបធ្វើឱ្យលោកកំពុងប្រឈមមុននឹងបញ្ហាមួយចំនួន ខណៈក្រុមមន្ត្រីរបស់លោកកំពុងគិតថា លោកនៅតែចាត់ទុកខ្លួនឯងជា CEO ជាជាងរដ្ឋមន្ត្រីការបរទេស។ មួយវិញទៀតក្រុមមន្ត្រីទំាងនេះក៏បានឱ្យដឹងដែរថា លោក ធីល្លឺសុន បានតម្រូវឱ្យរៀបចំឯកសារព័ត៌មានសម្រាប់លោកត្រូវមានការបញ្ជាក់ ឱ្យច្បាស់លាស់និងមិនអាចលើសពីពីរទំព័រនោះឡើយ។
គួររំលឹកថាលោក រិច ធីល្លឺសុន មិនធ្លាប់មានបទពិសោធន៍ការទូតពីមុនមកនោះទេ ដូច្នេះហើយ នៅពេលនេះក្រុមមន្ត្រីខ្លះរបស់លោកផ្ទាល់ កំពុងមានការសង្ស័យលើសមត្ថភាពនៃរដ្ឋមន្ត្រីការបរទេសអាមេរិកថ្មីរូបនេះថា តើលោកត្រូវធ្វើដូចម្ដេចដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងក្រសួងការបរទេសព្រមទាំងទំនាក់ទំនងរវាងលោកជាមួយនឹងលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មីរបស់លោក៕