(សេអ៊ូល)៖ ទីបំផុតវីដេអូចេញពីកាមេរ៉ាសុវត្ថិភាពជាច្រើនទីតាំងនៅក្នុងព្រលានយន្តហោះអន្តរជាតិ​ទីក្រុង​គូឡាឡាំពួរប្រទេសម៉ាឡេស៊ី ត្រូវបានសមត្ថកិច្ចបញ្ចេញជាសាធារណហើយ ដោយវាពិតជាដូចទៅនឹងការ​សន្និដ្ឋានតាំងពីតំណាក់កាលដំបូងថា លោក គីម ជុងណាំ បងប្រុសមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេបំពុលឲ្យស្លាប់តាមរយៈខ្ទប់មុខ និងបាញ់ថ្នាំពុល​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមការ​ចេញផ្សាយរបស់​សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

សកម្មភាពស្តែងៗនៅក្នុងខ្សែវីដេអូនោះ គឺគេឃើញស្ត្រីពាក់អាវយឺតសម្នាក់យកដៃរបស់នាង ទៅខ្ទប់មុខលោក គីម ជុងណាំ ដែលគេជឿជាក់ថាសកម្មភាពនោះ​មាន​ការចូលដៃពីស្ត្រី​ចំនួន​ពីររូបនៅច្រក KLIA2 របស់ព្រលានយន្តហោះ​ម៉ាឡេស៊ី។ វីដេអូបង្ហាញ​ទៀតថា លោក គីម ជុងណាំ បានប្រញាប់​ទៅសុំជំនួយពីបន្ទប់​បុគ្គលិករបស់​ព្រលានយន្តហោះ ដោយអះអាងថា​មានអ្នកយកសារធាតុ​អ្វីម្យ៉ាងបាញ់មកលើ​មុខលោក។

ប៉ូលិសម៉ាឡេស៊ី​អះអាងយ៉ាងដូច្នេះថា «លោក គីម ជុងណាំ បានប្រាប់ទៅបុគ្គលិក​បម្រើសេវាអតិថិជន​​ថា​ស្ត្រីពីរនាក់​បានយកសារធាតុរាវអ្វីម្យ៉ាង​បាញ់លើមុខរបស់គាត់»។ លោក គីម ជុងណាំ បានធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ីដោយកាន់លិខិត​ឆ្លងដែន​ឈ្មោះ Kim Chol ដែលក្រោយមកទើប​ភ្នាក់ងារ​កូរ៉េខាងត្បូង​អះអាងថា​ជាលោក គីម ជុងណាំ៕