(ឈីកាហ្គោ)៖ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងវិថីនៃទីក្រុង ឈីកាហ្គោ ដើម្បីសម្តែងការប្រឆាំងទៅនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដាក់ការហាមប្រាមធ្វើដំណើរពីបណ្តាប្រទេសមូស្លីមចំនួន ០៧ ប៉ុន្តែត្រូវបានតុលាការកំពូលសម្រេចផ្អាកបទបញ្ជាទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រុមអ្នកតវ៉ាទាំងអស់បានប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ា ចាប់ពីវេលារសៀលថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) រហូតដល់ពេលល្ងាច។ ក្រុមអ្នកតវ៉ាជាច្រើនបានសរសេរបដា ដោយមានន័យប្រឆាំងទៅនឹងបទបញ្ជាលោក ដូណាល់ ត្រាំ បើទោះបីជាត្រូវបានបដិសេធដោយតុលាការកំពូលរួចហើយក៏ដោយ ហើយពួកគេថែមទាំងបញ្ចេញមតិទៀតថា នយោបាយនានាប្រឆាំងនឹងជនភៀសខ្លួននៅក្នុងសហរដ្ឋអាមេរិកនោះ គឺត្រូវបានបង្កើតឡើងដោយគ្មានការអនុញ្ញាតតាមផ្លូវច្បាប់នោះឡើយ។
គួរបញ្ជាក់តាមសម្តីអ្នកតវ៉ាមួយរូបដែលមានឈ្មោះថា Colin បានលើកឡើងថា «ខ្ញុំមកទីនេះដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរមួយ។ ខ្ញុំចង់និយាយថាវាមិនត្រឹមត្រូវនោះទេក្នុងការបង្ខំមនុស្សឲ្យចាកចេញពីប្រទេសហើយយើងគួរអនុញ្ញាតឲ្យមានជនចំណាកស្រុកចូលក្នុងអាមេរិក»។ សម្រាប់ការតវ៉ាលើកនេះ គឺត្រូវបានប្រកូកប្រកាសឲ្យមនុស្សម្នាជាច្រើនចូលរួមតាំងពីដើមសប្តាហ៍មកម្ល៉េះ ប៉ុន្តែជាចុងក្រោយអ្នកចូលរួមដែលភាគច្រើនជាជនមូស្លីម គឺមានតែខ្ទង់រាប់រយនាក់ប៉ុណ្ណោះនៅទីក្រុង ឈីកាហ្គោ រដ្ឋអ៊ីលីណយ៕