(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ីបានឱ្យដឹងថា កំពុងតាមស្វែងចាប់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងជើង៤នាក់ ផ្សេងទៀត នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីម ជុងណាំ ដែលត្រូវបានគេបំពុលឱ្យស្លាប់ នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ខាងប៉ូលិសម៉ាឡេស៊ី ក៏បានជឿជាក់ដែរថា ពួកគេទំាងនេះទំនងជាបានត្រឡប់ទៅដល់ទីក្រុងព្យុងយ៉ាងវិញហើយ គឺតាំងតែពីថ្ងៃទី១៧ ខែកុម្ភៈមកម្ល៉េះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមប៉ូលិសម៉ាឡេស៊ី មូលហេតុនៃការស្លាប់របស់លោក គីម ជុងណាំ គឺដោយសារត្រូវគេបំពុល ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ ដាក់ការសង្ស័យកាន់តែច្បាស់ថាកូរ៉េខាងជើង ជាអ្នកនៅពីក្រោយនៃអំពើឃាតកម្មនេះ។
សូមជំរាបថា ប៉ូលិសម៉ាឡេស៊ី បានចាប់ចារកជន និងជាជនសង្ស័យចំនួន៤នាក់រួចហើយ ក្រោយអំពើឃាតកម្មនោះរួមមានស្ត្រីម្នាក់កាន់លិខិតឆ្លងដែនវៀតណាម ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Doan Thi Huoung, ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Siti Aisyah និងមិត្តប្រុសជាជនជាតិម៉ាឡេស៊ីរបស់នាង មានឈ្មោះ Muhammad Farid Jalaluddin និងបុរសវ័យ៤៧ឆ្នាំម្នាក់ទៀត ដែលកាន់លិខិតឆ្លងដែនរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងរដ្ឋធានីគូឡាឡាំពួរ៕