(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានជំរុញឱ្យទីក្រុងប៉េកាំង រក្សាការដាក់សម្ពាធលើកូរ៉េខាងជើង ដើម្បីបង្ខំឱ្យប្រទេសឯកោកុម្មុយនីស្ដមួយនេះ ត្រឡប់មករកតុចរ ចាវិញ ក្នុងគោលបំណងរារាំងកុំឱ្យរបបដឹកនាំទីក្រុងព្យុងយ៉ាង ពន្លឿនការអភិវឌ្ឈន៍កម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរផ្ទុយទៅនឹងសេចក្ដីសម្រេចរបស់ អង្គការសហប្រជាជាតិ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា ខ្លួននឹងផ្អាករាល់ការនាំចូលរ៉ែធ្យូងថ្មពីកូរ៉េខាងជើង ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈនេះទៅ ហើយដែលការប្រកាស នេះធ្វើឡើងនៅក្នុងក្របខណ្ឌ នៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការអនុវត្តន៍សេចក្ដីសម្រេចដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិ។
តែទោះបីជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោន ទំនងជាមិនទាន់ទុកចិត្តទាំងស្រុងទៅលើចិននោះទេ ត្បិតគេគ្រប់គ្នាភាគច្រើនសុទ្ធតែដឹងថា ដើម្បីទប់ទល់នឹង ការពង្រីកឥទ្ធិពល របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ចិនត្រូវការកូរ៉េខាងជើងជាចាំបាច់។ ពោលបើនិយាយឱ្យចំចាប់តាំងតែពីជំនាន់ លោក គីម ជុងអ៊ីល រហូតមកដល់ជំនាន់លោក គីម ជុងអ៊ុន ការដាក់ទណ្ឌកម្មពីសំណាក់ចិនលើកូរ៉េខាងជើង ត្រូវបានគេមើលឃើញថាគ្រាន់តែជាការបង្រ្គប់កិច្ច និងពុំសូវមានប្រសិទ្ធិភាពឡើយ ព្រោះចិនមិនចង់ឃើញរបប ដឹកនាំទីក្រុងព្យុងយ៉ាង ដួលរលំជាដាច់ខាត។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់ថា «ប្រទេសទាំងអស់ត្រូវតែអនុវត្តយ៉ាងពេញលេញនិងស្មើភាព ចំពោះសេចក្ដីសម្រេចដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយយើងនៅតែជំរុញឱ្យទីក្រុងប៉េកាំង បន្តរក្សាការដាក់សម្ពាធ លើកូរ៉េខាងជើង សំដៅបង្ខំឱ្យពួកគេត្រឡប់មករកតុចរចា ឬបោះបោះចោលកម្មវិធីអាវុធនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា ទោះបីជាបានទទួលរងសម្ពាធខ្លាំងក្លាយ៉ាងណាក្តី ក៏ប្រទេសកូរ៉េខាងជើង នៅតែបានក្លាយជាអ្នកផ្គត់ផ្គង់ធ្យូថ្មដ៏ធំទីបួនរបស់ប្រទេសចិនកាលពីឆ្នាំ ២០១៦ ជាមួយនិងចំនួនធ្យូងថ្មនាំចូលកើនដល់២២.៤៨លានតោន គឺបានកើនឡើងក្នុងអត្រា១៤.៥ភាគរយបើធៀបនឹងឆ្នាំ២០១៥៕