(បាងកក)៖ ក្រុមនាវាដឹកយន្ដហោះចម្បាំងអាមេរិក បានចាប់ផ្ដើមធ្វើប្រតិបត្តិការល្បាត នៅឯតំបន់សមុទ្រចិនខាងត្បូង ចំពេលដែលកំពុងមានភាពតានតឹងខ្លាំង ជាមួយចិនពាក់ព័ន្ធនឹងជម្លោះដែនទឹក និងការកើនឡើងនៃការព្រួយបារម្ភខ្លាចក្រែង មានការប៉ះទង្គិចគ្នាដោយយោធារវាងមហាអំណាចទំាងពីរនៅក្រោម រដ្ឋាភិបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
បើតាមកងម៉ារីនអាមេរិក នាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson បានចាប់ផ្ដើមការធ្វើប្រតិបត្តិការល្បាតជាទម្លាប់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពី ថ្ងៃសៅរ៍សប្ដាហ៍នេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាព និងសមត្ថភាពល្បាត។ ឧត្ដមនាវី លោក James Kilby បានឱ្យដឹងដូច្នេះថា «ប្រតិបត្តិការល្បាតរបស់ យើងគឺជាផ្នែកមួយនៃការបង្កើនសមត្ថភាពល្បាត តាមរយៈការបង្កើតក៏ដូចជាលើកកម្ពស់ទំនាក់ទំនងដ៏រឹងមាំដែលមានស្រាប់ ជាមួយបណ្ដាប្រទេសជាដៃគូរ និង សម្ព័ន្ធមិត្តនៅក្នុងតំបន់»។
គួររំលឹកថា កាលពីថ្ងៃពុធកន្លងទៅ ក្រសួងការបរទេសចិន បានព្រមានធ្ងន់ទៅលើសហរដ្ឋអាមេរិក សម្រាប់ការជំទាស់ទៅនឹងដែនអធិបតេយ្យភាពរបស់ខ្លួននៅ ក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំង កំពុងមានជម្លោះដែនទឹកជាមួយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់៕