(ប៉េកាំង)៖ រដ្ឋាភិបាលចិននឹងបញ្ឈប់រាល់ការនាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើង គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈនេះតទៅ ទំនងជាដើម្បីបង្ហាញពីកិច្ចខិតប្រឹងប្រែងរបស់ខ្លួនក្នុងការអនុវត្តន៍ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចិន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ការដាក់បំរាមផ្អាកការនាំចូលនេះនឹងមានសុពលភាពរហូតដល់ចុងឆ្នាំនេះ ពោលគឺដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ជុំវិញបញ្ហានេះក្រសួងពាណិជ្ជកម្មចិន ពុំបានបញ្ជាក់ថា តើហេតុអ្វីបានជាការដឹកជញ្ជូនទាំងអស់នេះត្រូវបានផ្អាកនោះឡើយ ប៉ុន្តែទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ បានសេចក្តីរាយការណ៍ កាលពីសប្តាហ៍មុនថា ការដឹកជញ្ជូនទំនិញជាធ្យូងថ្មមួយជើងរបស់កូរ៉េខាងជើង ដែលមានតម្លៃប្រហែលមួយលានដុល្លារ ត្រូវបានបដិសេធចោលនៅឯកំពង់ផែ Wenzhou នៃតំបន់ឆ្នេរភាគកើតប្រទេសចិន។
ការបដិសេធមិនព្រមទទួលយកទំនិញខាងលើនេះ ត្រូវបានធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់ទីក្រុងព្យុងយ៉ាង ដែលជាការបង្ករឿងដោយផ្ទាល់លើកទីមួយទៅកាន់សហគមអន្តរជាតិ របស់ប្រទេសកុម្មុនិស្តដ៏ឯកោមួយនេះ គិតចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ ខែមករាកន្លងទៅ។
គួរបញ្ជាក់ថា ទោះបីជាបានទទួលរងសម្ពាធខ្លាំងក្លាយ៉ាងណាក្តី ប្រទេសកូរ៉េខាងជើងនៅតែបានក្លាយជាអ្នកផ្គត់ផ្គង់ធ្យូថ្មដ៏ធំទីបួនរបស់ប្រទេសចិនកាលពីឆ្នាំ២០១៦ ជាមួយនិងចំនួនធ្យូងថ្មនាំចូលកើនដល់២២.៤៨លានតោន គឺបានកើនឡើងក្នុងអត្រា១៤.៥ភាគរយបើធៀបនឹងឆ្នាំ២០១៥៕