(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃសៅរ៍នេះបានចេញបញ្ជាឲ្យកម្លាំងយោធា និងប៉ូលិសជាតិបន្តធ្វើការទប់ស្កាត់ឲ្យបាននូវការគំរាមកំហែងនានារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងទៅកាន់អតីតនិស្សិតនៃសាលាបង្វឹកនាយទាហានហ្វីលីពីន PMA ក្នុងអំឡុងពិធីជួបជុំប្រចាំឆ្នាំនៅឯទីក្រុង Baguio ភាគខាងជើង រដ្ឋធានីម៉ានីល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើការសង្កត់ធ្ងន់អំពីតម្រូវការជាចាំបាច់ក្នុងធានាសុវត្ថិភាព នៅតាមតំបន់នានាលើកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ពីសំណាក់ក្រុមសកម្មប្រយុទ្ធ ISIS ដែលមានបំណងចង់បង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេនៅទីនោះ។ លោក ឌូតឺតេ បានបង្គាប់ឲ្យកងកម្លាំង រដ្ឋាភិបាល និងក្រុមប៉ូលិសប្រើប្រាស់សម្ភារៈ និងបរិក្ខាក៏ដូចជាធនធានដែលមានទាំងប៉ុន្មានដើម្បីកម្ចាត់ក្រុម ISIS ដោយលោកប្រធានាធិបតី បានលើកឡើងដូច្នេះថា «នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីការពារកោះ Mindanao»។
គួរបញ្ជាក់ដែរថា មេដឹកនាំកំពូលនៃក្រុមអាប៊ូ សាយ៉ាហ្វ (Abu Sayyaf) ឈ្មោះ Hapilon ដែលជាមេធំរបស់ក្រុម ISIS ប្រចាំនៅហ្វីលីពីននោះ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងប៉ះទង្គិចគ្នាដ៏កក្រើកមួយជាមួយកម្លាំងយោធារបស់រដ្ឋាភិបាល៕