(ហ្សាការតា)៖ អនុប្រធានាធិបតីឥណ្ឌូណេស៊ីលោក Jusuf Kalla បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាស្រ្តីឈ្មោះ Siti Aisayah ជនជាតិឥណ្ឌូណេស៊ី ដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ឃាត់ខ្លួនក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្មរបស់លោក គីម ជុងណាំ នោះតាមពិតទៅគឺជាជនរងគ្រោះម្នាក់ក្នុងការបោកបញ្ឆោត ដែលមិនបានដឹងថារូបនាងត្រូវគេខ្ចីដៃក្នុងការសម្លាប់បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកអនុប្រធានាធិបតីឥណ្ឌូណេស៊ីបានជឿថានាង Siti ត្រូវបានគេបោកបញ្ឆោតឲ្យចូលរួមក្នុងសកម្មភាពលេងសើចដែលបរទេសនិយមហៅថាជា «Prank» ទៅលើលោក គីម ជុងណាំ និងយល់ថាសកម្មភាពនោះគ្រាន់តែជាកម្មវិធីទូរទស្សន៍មួយប៉ុណ្ណោះ។ លោក Jusuf Kalla បានបន្ថែមថារូបលោកមានការជឿជាក់ខ្ពស់ថានាង Siti មិនមែនជាភ្នាក់ងារចារកិច្ចរបស់កូរ៉េខាងជើង ដូចទៅនឹងអ្វីសេចក្តីរាយការណ៍ព័ត៌មានដែលបានចុះផ្សាយក្រោយពេលកើតហេតុដំបូងភ្លាមៗនោះទេ។
លោក Kalla បានបន្តទៀតថា ប៉ុន្តែនាងគ្រាន់តែជនរងគ្រោះនៃអំពើបោកប្រាស់ទៅវិញទេ ហើយបើសិនជានាង Siti ដែលជាស្រ្តីម្នាក់មានដំណើមកំណើតមកពីក្រុង Serang នៃខេត្ត Benten ក្បែររដ្ឋធានីហ្សាការតា គឺជាចារនារីម្នាក់មែននោះ កម្លាំងប៉ូលិសម៉ាឡេស៊ីមិនអាចរកឃើញនិងចាប់ខ្លួនរូបនាងបានងាយស្រួលដូច្នោះឡើយ។
លោកអនុប្រធានាធិបតីឥណ្ឌូណេស៊ីបានចោទជាសំណួរចុងក្រោយយ៉ាងដូច្នេះថា «ហេតុអ្វីបាននាងបានត្រឡប់ទៅកាន់សណ្ឋាគារដែលស្ថិតនៅក្បែរអាកាសយានដ្ឋានកើតហេតុក្នុងទីក្រុងគូឡាឡាំពួរ ដើម្បីសម្រាកនិងលាក់ខ្លួនទៅវិញ? ដូច្នេះមានន័យថាលោក គីម ជុងណាំ គឺជាជនរងគ្រោះម្នាក់នៃជនរងគ្រោះម្នាក់ផ្សេងទៀត»។
គួរបញ្ជាក់ថាស្រដៀងគ្នានេះ យោងតាមសម្តីរបស់មេបញ្ជាការប៉ូលិសជាតិឥណ្ឌូណេស៊ីលោក Tito Karnavian ស្រ្តីជាប់សង្ស័យជនជាតិឥណ្ឌូណេស៊ីខាងលើត្រូវបានគេបញ្ឆោតឲ្យជឿលង់ថារូបរាងបានស្ថិតក្នុងការចូលរួមលេងក្នុងកម្មវិធីកំប្លែងកម្សាន្តតាមកញ្ចក់ទូរទស្សន៍មួយដែលដូចទៅនឹងកម្មវិធី Just for Laughs ដ៏ល្បីឈ្មោះ។ ជុំវិញការលើកឡើងនេះលោក Tito បានឲ្យដឹងថានាង Siti ត្រូវបានគេជួលឲ្យប្រព្រឹត្តសកម្មភាពបែបកំប្លែងលេងដែលស្រដៀងគ្នានឹងអ្វីដែលទស្សនិកជនតាមកញ្ចប់ទូរទស្សន៍តែងតែធ្លាប់បានមើលឃើញក្នុងកម្មវិធី Just for Laughs រួមមានទាំងការបាញ់កំប៉ុងថ្នាំនិងសារធាតុផ្សេងៗផងដែរ ហើយនាង Siti ត្រូវបានគេជួលឲ្យធ្វើសកម្មភាពដូច្នោះ ខណៈគោលដៅចុងក្រោយគឺជាលោក គីម ជុងណាំ តែម្តង។
លោក Tito Karnavian បានអះអាងថាលោកទទួលបានព័ត៌មានខាងលើពីសំណាក់ប៉ូលិសម៉ាឡេស៊ី ហើយបានឲ្យដឹងបន្ថែមដូច្នេះទៀតថា «តាមពិតទៅមានស្រ្តីម្នាក់ជាអ្នកបិទភ្នែក និងម្នាក់ទៀតជាចាំបាញ់ ប៉ុន្តែគេសង្ស័យថាកំប៉ុងសម្រាប់ធ្វើការបាញ់នោះមានផ្ទុកសារធាតុគ្រោះថ្នាក់»៕