(ប៉េកាំង)៖ ប្រទេសចិនហាក់កំពុងតែតាមដានស្ងាត់ៗនៅឡើយ ចំពោះអ្វីដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្លាប់បានលើកឡើងពីគំរោងបង្កើនការងារឡើងវិញនៅក្នុងទឹកដីអាមេរិក ដោយគ្រោងដករោងចក្រនានា ជាពិសេសពីប្រទេសចិនត្រឡប់ទៅបើកនៅទឹកដីកំណើតវិញ ប៉ុន្តែទោះបីជាបែបនេះក្តីក៏ប្រទេសចិននៅតែអះអាងថា នយោបាយរបស់ខ្លួននឹងមិនប៉ះពាល់ដោយសារតែរឿងនេះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រដ្ឋមន្ត្រីឧស្សាហកម្មចិនលោក Miao Wei បានថ្លែងជុំវិញបញ្ហានេះយ៉ាងដូច្នេះថា «ឆ្លើយតបចំពោះការប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ដែលគ្រោងដករោងចក្រអាមេរិក ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះ យើងកំពុងតែតាមដានការវិវឌ្ឍនេះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែវានឹងមិនបង្កឲ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មជារួមរបស់ប្រទេសចិននោះឡើយ»។ ប្រទេសចិននៅតែបន្តលើកទឹកចិត្តឲ្យវិនិយោគិនបរទេសចូលមករកស៊ីបណ្តាក់ទុនជាធម្មតា និងលើកទឹកចិត្តឲ្យក្រុមហ៊ុនក្នុងស្រុកទៅវិនិយោគនៅក្រៅប្រទេស។
គួរបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីប៉ុន្មានខែមុននេះ នៅក្នុងវេទិកាសេដ្ឋកិច្ចសកលលោកបានលើកឡើងថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះប្រព័ន្ធ «ការពារនិយម» ដែលជាវិធីសាស្ត្រនៃការការពារតែផលប្រយោជន៍ខ្លួនឯង មិនគិតប្រយោជន៍រួមជាធំ ប៉ុន្តែការលើកឡើងរបស់លោក ដូណាល់ ត្រាំ កន្លងមកគឺជាការសន្យានៅអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលលោកនឹងធ្វើឲ្យអាមេរិកមានឥទ្ធិពលខ្លាំងខាងសេដ្ឋកិច្ចឡើងវិញ និងចោទចិនថាធ្វើពាណិជ្ជកម្មខ្សែលើអាមេរិកទៀតផង៕