(អាមេរិក)៖ ពេលនេះដំណឹងដែលមនុស្សគ្រប់គ្នាបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់រយៈពេលមួយខែនោះបានមកដល់ហើយ ស្របពេលដែលទីភ្នាក់ងារអវកាសណាសា (NASA) បានប្រកាសអំពីម្ចាស់ជ័យលាភីនៅក្នុងយុទ្ធនាការ «Space Poop Challenge» ដែលជាកម្មវិធីប្រកួតប្រជែងមួយមានរង្វាន់ជាទឹកប្រាក់ចំនួន៣០,០០០ដុល្លារ ដែលបានអំពាវឲ្យមានការចូលរួមស្វែងរកដំណោះស្រាយដ៏ប្រសើរ និងមានប្រសិទ្ធភាពជាងគេបំផុត ដើម្បីជួយសម្រួលបញ្ហាដែលអ្នកអវកាសតែងតែជួបប្រទះ ដោយមិនអាចជៀសផុតបាននៅក្នុងលំហអាកាសនោះគឺ «ការបន្ទោបង់ ឬការបញ្ចេញចោលកាកសំណល់អាក្រក់ពីក្នុងខ្លួន»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ NASA ម្ចាស់ជ័យលាភីលេខមួយនៃការប្រកួតប្រជែងខាងលើ និងជាម្ចាស់ប្រាក់រង្វាន់ចំនួន១៥,០០០ដុល្លារគឺជាវរសេនីយ៍ឯកនៃកងទព័ជើងអាកាសអាមេរិកលោកបណ្ឌិត Thatcher Cardon ជាអ្នកមានចំណូលចិត្តខាងផ្នែកបង្កើតវត្ថុច្នៃប្រឌិតមួយរូបផងដែរនោះ ដែលបានរចនាដំណោះស្រាយមួយមានឈ្មោះថា MACES Perineal Access & Toileting System ឬ M-PATS។ រីឯចំណាត់ថ្នាក់លេខពីរ និងទឹកប្រាក់ចំនួន១០,០០០ដុល្លារបានទៅលើក្រុមមួយមានសមាជិកបីនាក់ ដែលបានបង្កើតប្រព័ន្ធដំណោះស្រាយមានឈ្មោះថា SPUDs និងលេខបីបានទៅលើបុគ្គលឈ្មោះ Hugo Shelly ជាមួយប្រព័ន្ធដំណោះស្រាយ Spacesuit Waste Disposal។
គួរបញ្ជាក់ដែរថា កាលពីមុនបញ្ហារឿងបត់ដៃបត់ជើងនេះមិនមែនជាបញ្ហាធំដុំអ្វីនោះឡើយនៅពេលដែលក្រុមអ្នកអវកាសតម្រូវឲ្យស្ថិតនៅក្នុងឈុតសម្លៀកបំពាក់អវកាសរបស់ពួកគេយ៉ាងយូរត្រឹមតែ១០ម៉ោងប៉ុណ្ណោះហើយបច្ចុប្បន្ននេះពួកអវកាសយានិកកំពុងប្រើប្រាស់មធ្យោបាយជាក្រណាត់ដូចទៅនឹងកន្ទបកូនក្មេងដើម្បីដោះស្រាយបញ្ហាធម្មជាតិរបស់ពួកគេមួយគ្រាៗ ប៉ុន្តែនៅក្នុងបេសកម្មនាពេលអនាគតប្រហែលជាតម្រូវ ឲ្យមានប្រព័ន្ធគ្រប់គ្រងកាកសំណល់ក្នុងខ្លួនដែលមានប្រសិទ្ធភាពបានយូរជាងមុនសម្រាប់ត្រៀមនៅក្នុងកាលៈទេសៈបន្ទាន់ណាមួយ ដែលទាមទារឲ្យអវកាសយានិកត្រូវស្ថិតនៅក្នុងឈុតអវកាសរបស់ពួកគេក្នុងរយៈពេលដ៏វែង។
ដូច្នេះទីភ្នាក់ងារអវកាស NASA បានព្យាយាមស្វែងរកដំណោះស្រាយសម្រាប់ប្រព័ន្ធគ្រប់គ្រងការបត់ជើងទាំងតូចទាំងធំរួមនិងការមករដូវក្នុងលក្ខខណ្ឌអ្នកអវកាសជានារីភេទ ហើយប្រព័ន្ធនេះនឹងត្រូវបំពាក់នៅក្នុងសម្លៀកបំពាក់សម្រាប់អវកាសយានិកនៅពេលធ្វើដំណើរក្នុងយានអវកាសរហូតយ៉ាងតិចដល់ទៅ១៤៤ម៉ោង ឬស្មើនឹង ០៦ថ្ងៃ ហើយ NASA សង្ឃឹមថានឹងអាចបំពាក់ប្រព័ន្ធបញ្ចេញកាកសំណល់ថ្មីនេះទៅក្នុងបេសកកម្មនាពេលអនាគតនៅបីទៅបួនឆ្នាំខាងមុខ។ សម្រាប់ជ័យលាភីទាំងបីមិនទាន់មានការបញ្ជាក់ពី ភាពលម្អិតនោះឡើយ៕