(បាងកក)៖ ប្រធានគណបក្សប្រជាធិបតេយ្យក្នុងប្រទេសថៃ និងជាអតីតនាយករដ្ឋមន្ត្រី លោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) បានធ្វើការរិះគន់ចំៗចំពោះគំរោងការណ៍រួបរួមរបស់រដ្ឋាភិបាលយោធាដែលសំដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សាជាតិ ថាគឺជារឿងឥតប្រយោជន៍ទាំងស្រុង ហើយអតីតនាយករដ្ឋមន្រ្តីថៃរូបនេះបានគូសបញ្ជាក់ពីសារៈសំខាន់ និងតម្រូវការចាំបាច់ក្នុងការគោរពប្រតិបត្តិតាមនីតិរដ្ឋ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក អាប់ភីស៊ីត បានថ្លែងថារូបលោកមិនយល់ស្របជាមួយកិច្ចព្រមព្រៀងដែលបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីកំណត់នូវអ្វីដែលអ្នកនយោបាយត្រូវតែធ្វើ និងអ្វីមិនត្រូវធ្វើនោះឡើយ ដោយលោកបានលើកឡើងដូច្នេះថា «វានឹងក្លាយជារឿងឥតប្រយោជន៍មួយ ពីព្រោះថាពុំមាននរណាម្នាក់អាចធានាឲ្យបាននូវស្ថានការណ៍ណាមួយឡើយ»។
ស្រដៀងគ្នានេះយោធាថៃតែងតែបាននិយាយថា ពួកគេនឹងមិនធ្វើរដ្ឋប្រហារណាមួយឡើយ ហើយនៅពេលដែលពួកគេសម្រេចធ្វើរដ្ឋប្រហារ ពួកគេជារឿយៗបានលើកយកភាពចាំបាច់ក៏ដូចជាកាលៈទេសៈមួយចំនួន ដើម្បីធ្វើជាលេសដោះស្រាយទង្វើរបស់ពួកគេដដែលនោះទេ។ គួរបញ្ជាក់ថាយោងតាមអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ គំរោងថ្មីនេះរបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានបង្កើតឡើងដើម្បីសំដៅលើកកម្ពស់ភាពចុះចម្រុងនឹងគ្នារវាងក្រុមនានា ដែលមានទស្សននយោបាយផ្សេងគ្នានៅក្នុងប្រទេសថៃ ប៉ុន្តែមានផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់ការប្រព្រឹត្តរបស់អ្នកនយោបាយ៕