(វ៉ាស៊ីនតោន)៖ បាតុកម្មទ្រង់ទ្រាយធំលើកទីពីរសំដៅប្រឆាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទំនងជានឹងផ្ទុះឡើងសាជាថ្មីម្តងទៀត ស្របពេលដែលសកម្មជនជាច្រើនបានអំពាវឲ្យពលរដ្ឋអាមេរិក ដែលមិនពេញចិត្តនឹងការដឹកនាំរបស់លោក ត្រាំ រួមគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សកម្មជនអាមេរិកជាច្រើនរូបបានប្រកូកប្រកាស ឲ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅតាមទីក្រុង New York, Chicago, និង Los Angeles នៅមួយថ្ងៃបន្ទាប់ពីជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិក បានសម្រេចមិនចេញពីលំនៅឋានរបស់ពួកគេដើម្បីទៅបំពេញការងារ និងទៅសាលារៀននោះឡើយ ក្នុងយុទ្ធនាការ «A Day Without Immigrants (មួយថ្ងៃដោយគ្មានជនអន្តោប្រវេសន៍)» ក្នុងគោលបំណងបង្ហាញពីទំហំនៃការចូលរួមចំណែករបស់កម្លាំងពលកម្ម ដែលមានដើមកំណើតបរទេសទៅក្នុងសេដ្ឋកិច្ចអាមេរិក។
គួរបញ្ជាក់ថាចាប់តាំងពីពេលបានស្បថឡើងកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ ខែមករាកន្លងទៅមក លោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងការដង្ហែរក្បួននៃក្រុមអ្នកតវ៉ាទ្រង់ទ្រាយតូចៗជាបន្តបន្ទាប់រហូតមកនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងតាមបណ្តាតំបន់មួយចំនួនទៀតនៅជុំវិញពិភពលោក៕