(គូឡាឡាំពួរ)៖ ស្របទៅតាមនីតិវិធីរបស់ប្រទេសម៉ាឡេស៊ី សពរបស់លោក គីម ជុងណាំ ដែលត្រូវជាបងប្រុសរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នោះនឹងត្រូវយកទៅធ្វើកោសល្យវិច័យជាលើកទីពីរដើម្បីស្វែងរកតំរុយ និងមូលហេតុនៃការស្លាប់ឲ្យបានកាន់តែប្រាកដច្បាស់ជាងមុន។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មានអាមេរិក វ៉ាស៊ីនតោនប៉ុស្តិ៍ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាការធ្វើកោសល្យវិច័យលើកទីមួយកាលពីថ្ងៃទី១៥ ខែកុម្ភៈ សមត្ថកិច្ចម៉ាឡេស៊ីបានសន្និដ្ឋានជាបឋមថាលោក គីម ជុងណាំ ត្រូវបានគេបំពុលនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ ហើយក៏បានស្លាប់បាត់បង់ជីវិតពេលកំពុងបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យ។ សម្រាប់កោសល្យវិច័យជាលើកទីពីរនេះ អាជ្ញាធរម៉ាឡេស៊ីមិនទាន់បញ្ជាក់ថាតើនឹងចេញលទ្ធផលពេលណានោះឡើយ៕