(គូឡាឡាំពួរ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅរដ្ឋធានីគូឡាឡាំពួរលោក Kang Chol បានព្រមានថា នឹងនាំយកសំណុំរឿងឃាតកម្មរបស់បងប្រុសលោក គីម ជុងអ៊ុន ឡើងដល់តុលាការអន្តរជាតិ បើសិនជាអាជ្ញាធរម៉ាឡេស៊ីនៅតែប្រកែកមិនប្រគល់សាកសពលោក គីម ជុងណាំ ទៅឲ្យកូរ៉េខាងជើងវិញទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះបានធ្វើឡើងនាយប់ថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីលោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ត្រូវគេមើលឃើញថាទំនងជាមានចេតនាព្យាយាមចូលទៅកាន់វិទ្យាស្ថានកោសល្យវិច័យជាតិនៅក្នុងមន្ទីរពេទ្យគូឡាឡាំពួរ ជាកន្លែងដែលអាជ្ញាធរម៉ាឡេស៊ីរក្សាទុកសាកសពលោក គីម ជុងណាំ បន្ទាប់ពីបានបញ្ចប់ការធ្វើកោសល្យវិច័យកាលពីថ្ងៃពុធសប្តាហ៍នេះ។ ម៉្យាងវិញទៀតលោក Kang Chol បានចោទប្រកាន់ម៉ាឡេស៊ីថាបានលួចបិទបាំងអ្វីម៉្យាង ពីព្រោះតែការបដិសេធមិនព្រមប្រគល់សាកសពលោក គីម ជុងណាំ ទៅឲ្យស្ថានទូតកូរ៉េខាងជើងហើយលោក Kang បាននិយាយថាម៉ាឡេស៊ីកំពុងរៀបគំរោងអាក្រក់ដើម្បីបង្កការគំរាមកំហែងដល់កូរ៉េខាងជើង។
ដោយឡែកនៅក្នុងកិច្ចសន្ទនាជាមួយសារព័ត៌មាន Channel News Asia មេបញ្ជាការប៉ូលិសម៉ាឡេស៊ីលោក Khalid បានថ្លែងឆ្លើយតបទៅវិញថា «ពួកយើងមានច្បាប់ច្បាស់លាស់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយនៅពេលដែលស្ថិតនៅក្នុងម៉ាឡេស៊ី មនុស្សរាល់គ្នាត្រូវតែគោរពនិងប្រតិបត្តិតាមក្បួនច្បាប់និងវិន័យទាំងអស់នោះ... ហើយក្នុងចំណោមនោះក៏រាប់បញ្ចូលទាំងប្រទេសកូរ៉េខាងជើង»។
គួរបញ្ជាក់ថាអាជ្ញាធរម៉ាឡេស៊ីនឹងមិនប្រគល់សាកសពលោក គីម ជុងណាំ ទៅឲ្យនរណាម្នាក់នោះឡើយ ដរាបណាមិនបានទទួលគំរូ DNA របស់សមាជិកនៃក្រុមគ្រួសារលោក គីម និងការស៊ើបអង្កេតនៃសំណុំរឿងឃាតកម្មនេះមិនទាន់ត្រូវបានដោះស្រាយចប់រួចរាល់ តាមច្បាប់ប្រទេសអាស៊ានមួយនេះទេនោះ៕