(ប៉េកាំង)៖ ប្រទេសចិនបានប្រាប់ទៅកាន់ប្រទេសជប៉ុនថា «ជំហានអវិជ្ជមាន» ដែលជប៉ុនកំពុងដើរគឺមិនមែនដើម្បីស្តារទំនាក់ទំនងរវាងគ្នាឡើងវិញនោះឡើយ ប៉ុន្តែឥឡូវនេះឱកាសនៅមានសម្រាប់អភិវឌ្ឍន៍ឡើងវិញនូវទំនាក់ទំនងមហាយក្សសេដ្ឋកិច្ចទាំងពីរប្រចាំតំបន់អាស៊ីនេះឡើងវិញ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ការថ្លែងខាងលើនេះធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគីជប៉ុនលោក ហ្វ៊ូមីអូ គីស៊ីដា អំឡុងកិច្ចប្រជុំធំមួយរបស់អន្តរជាតិក្នុងប្រទេសអាល្លឺម៉ង់។ ប្រមុខការទូតចិនលើកឡើងបែបនេះ គឺដើម្បីឆ្លើយតបទៅនឹងជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្សូ អាបេ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដែលអាមេរិកបានសន្យាបំពាក់បំប៉នជប៉ុនឲ្យខ្លាំងជាងមុន ក្នុងន័យទប់ទល់នឹងឥទ្ធិពលចិននៅតំបន់អាស៊ី។
គួរបញ្ជាក់ផងដែរថា ប្រទេសចិនគឺជាប្រទេសសេដ្ឋកិច្ចទី១នៅអាស៊ី និងទី២នៅលើពិភពលោក ដែលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានធ្វើការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរហូតដល់បានទម្លាក់តំណែងសេដ្ឋកិច្ចលេខ១របស់ជប៉ុនប្រចាំតំបន់ទៀតផង។ ការបង្កើនឥទ្ធិពលយ៉ាងឆាប់រហ័សទាំងសេដ្ឋកិច្ច និងយោធានេះ បានបង្កការព្រួយបារម្ភជាខ្លាំងដល់សម្ព័ន្ធមិត្តអាមេរិក ដូចជាជប៉ុន និងកូរ៉េខាងត្បូងខណៈបញ្ហាកូរ៉េខាងជើង ក៏អាចនិយាយបានថាស្ថិតនៅក្នុងចង្កោមតែមួយផងដែរ៕