(វ៉ាស៊ីនតោន)៖ ខណៈដែលសារព័ត៌មានដែលតែងតែសរសេរប្រឆាំងប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ជាច្រើននៅតែមិនព្រមបន្ថយឥទ្ធិពលនោះ អតីតមហាសេដ្ឋីរូបនេះបានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោកថា សារព័ត៌មានទាំងនោះ «ជាសត្រូវនៃប្រជាជនអាមេរិក»។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សម្រាប់សារព័ត៌មានដែលទទួលបានពាក្យព្រមាន និងរិះគន់ធ្ងន់ៗបន្ថែមទៀតពីលោក ដូណាល់ ត្រាំ នៅចុងសប្តាហ៍នេះមានដូចជា New York Times, NBCNews, ABC, CBS, និង CNN ផងដែរ។ លោកបានសង្កត់ធ្ងន់ថា សារព័ត៌មានទាំងឡាយនេះ «មិនមែនជាសត្រូវរបស់ខ្ញុំទេ ប៉ុន្តែជាសត្រូវរបស់អាមេរិកទាំងមូល»។ សារព័ត៌មាន New York Times បានចេញផ្សាយព័ត៌មានរបស់ខ្លួនភ្លាមៗតបហ្នឹងសារលោក ត្រាំ នោះថា «វាគឺការបង្កើនសកម្មភាពវាយប្រហារ មកលើស្ថាប័នព័ត៌មាននានាសុទ្ធសាធ»។
គួរបញ្ជាក់ថាចាប់តាំងពីមុនការបោះឆ្នោត រហូតដល់យុទ្ធនាការឃោសនាបោះឆ្នោត និងក្រោយបោះឆ្នោតដឹងលទ្ធផល ព្រមទាំងក្រោយឡើងកាន់តំណែងជាប្រធានាធិបតី លោក ដូណាល់ ត្រាំ តែងតែរិះគន់ចំពោះ «ព័ត៌មានមិនពិត និងគ្រប់គ្រងលែងបាន» របស់បណ្តាញសារព័ត៌មានធំៗ និងល្បីៗរបស់អាមេរិកមួយចំនួន ក្នុងនោះលោកថែមទាំងបានទាស់ពាក្យសម្តីដោយផ្ទាល់ជាមួយអ្នកសារព័ត៌មានទូរទស្សន៍ CNN កាលពីអំឡុងសន្និសីទសារព័ត៌មានធំមួយកាលពីខែមករា ទៀតផង។
គួររំលឹកទៀតថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលរបស់ប្រទេសវេណេស៊ុយអេឡា បានសម្រេចបញ្ឈប់ដំណើរការនៃប៉ុស្តិ៍ទូរទស្សន៍ និងសារព័ត៌មាន CNN ជាភាសាអេស្ប៉ាញ នៅទូទាំងប្រទេសទាំងមូលចាប់ពីពេលនេះតទៅ ដោយចោទថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយនេះបានធ្វើសេចក្តីរាយការណ៍ព័ត៌មានមិនពិត និងញុះញង់ ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនវេណេស៊ុយអេឡា។ រដ្ឋាភិបាលវេណេស៊ុយអេឡាត្រូវគេរាយការណ៍ថា បានបើកការស៊ើបអង្កេតទៅលើកិច្ចការផ្សេងៗរបស់ប៉ុស្តិ៍ទូរទស្សន៍ CNN ជាភាសាអេស្ប៉ាញនេះកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ថា បានចែកចាយសេចក្តីរាយការណ៍មិនពិតប្រាកដ ស្តីពីអំពើហិង្សានៅក្នុងប្រទេសនៃតំបន់អាមេរិកខាងត្បូងមួយនេះ៕