(សេអ៊ូល)៖ កម្លាំងប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនបុរសវ័យ៤៧ឆ្នាំម្នាក់ ដែលមានលិខិតឆ្លងដែនរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងរដ្ឋធានីគូឡាឡាំពួរនៅយប់ថ្ងៃសុក្រម្សិលមិញនេះ ជុំវិញសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃជាមួយនិងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយផ្អែកលើសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo ដែលយោងតាមប្រភពពីសារព័ត៌មានក្នុងស្រុកម៉ាឡេស៊ីផ្ទាល់។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា បុរសដែលត្រូវបានចាប់ឃាត់ខ្លួនខាងលើទំនងជាបុគ្គលម្នាក់ក្នុងចំណោមបុរសជាប់សង្ស័យបួននាក់ ដែលត្រូវគេជឿថាជាអ្នកបញ្ជាឲ្យជនសង្ស័យជាស្រ្តីពីរផ្សេងទៀតឲ្យទៅធ្វើឃាតលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានមួយកន្លែងក្នុងទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Kyodo ដោយផ្អែកលើប្រភពពីសារព័ត៌មាន China Press ជាភាសាចិននៅក្នុងប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីរាយការណ៍របស់ China Press បុរសដែលត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនបាននេះ គឺជាជនជាតិកូរ៉េខាងជើង ក៏ប៉ុន្តែប៉ូលិសម៉ាឡេស៊ីមិនទាន់បានចេញមុខអះអាងឲ្យបានដឹងច្បាស់នៅឡើយនោះទេ ហើយសារព័ត៌មានដដែលនេះបានលើកឡើងទៀត ថាជនរូបនេះមានប្រវត្តិធ្លាប់បានធ្វើដំណើរមកកាន់ម៉ាឡេស៊ីជាច្រើនលើកផងដែរ។
គួរបញ្ជាក់ថាបុរសខាងលើគឺជាសង្ស័យទីបួនហើយដែលត្រូវបានចាប់ខ្លួនបាននៅក្រោយការចាប់ខ្លួនជនសង្ស័យបីនាក់ផ្សេងទៀតរួមមាន ស្ត្រីម្នាក់កាន់លិខិតឆ្លងដែនវៀតណាមដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Doan Thi Huoung, ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Siti Aisyah និងមិត្តប្រុសជាជនជាតិម៉ាឡេស៊ីរបស់នាងមានឈ្មោះ Muhammad Farid Jalaluddin៕