(ម៉ានីល)៖ ហ្វីលីពីន និងរុស្ស៊ី កំពុងតែធ្វើការងារជាមួយគ្នា ជុំវិញកិច្ចព្រមព្រៀងសន្តិសុខ ដែលភាគីទំាងពីរសង្ឃឹមថានឹងត្រូវបានចុះហត្ថលេខានៅអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទៅកាន់ប្រទេសរុស្ស៊ី នៅពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍រដ្ឋាភិបាលហ្វីលីពីន ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិន សិនហួរ នៅយប់ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្ដីថ្លែងការណ៍ដដែល លោក ឌូតឺតេ បានជួបពិភាក្សាការងារជាមួយនឹងទីប្រឹក្សាសន្ដិសុខជាតិរុស្ស៊ី លោក Nikolay Patrushev នៅក្នុងទីក្រុង ដាវ៉ៅ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជជែកគ្នាពីកិច្ចព្រមព្រៀងផ្នែកសន្តិសុខ រួមទាំងការចែករំលែកព័ត៌មានយោធា និងការពង្រឹងច្បាប់ផ្លូវសមុទ្រជាដើម។ បន្ថែមពី លើនេះ នៅក្នុងជំនួបទ្វេភាគីនោះ អ្នកទំាងពីរ ក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងអានាគត់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅក្នុង វិស័យសន្ដិសុខ ការស៊ើបការសម្ងាត់ ការពារជាតិ យោធា ការប្រយុទ្ធប្រឆាំងក្រុមភេរវករ ក៏ដូចជាឧក្រិដ្ឋជនគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្នាលើកចុងក្រោយ នៅក្នុងឱកាសដែលអ្នកទាំងពីរបានចូលរួមនៅក្នុង កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ៕