(ហុងកុង)៖ តុលាការទីក្រុងហុងកុងបានសម្រេចផ្តន្ទាទោសមន្រ្តីប៉ូលិសចំនួន០៧នាក់ ដាក់ពន្ធនាគាររយៈពេលពីរឆ្នាំនៅថ្ងៃសុក្រនេះ ដោយបង្ករបួសស្នាមទៅលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដែលមានដៃជាប់ខ្នោះទៀតផង នៅអំឡុងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយកាលពីឆ្នាំ២០១៤ ហើយវាគឺជាករណីដ៏កម្រមួយនៃអំពើហិង្សារបស់កម្លាំងប៉ូលិសនៅក្នុងទីក្រុងហុងកុង ដែលបានបង្កឲ្យសាធារណជនមានការខឹងសម្បារជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់នាយប់ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
រឿងក្តីខាងលើពាក់ព័ន្ធនឹងហេតុការណ៍មួយកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ នៅអំឡុងការធ្វើបាតុកម្មទ្រង់ទ្រាយនិងមានរយៈពេលជាសប្តាហ៍មួយ ដែលបានធ្វើឲ្យជាប់គាំងតំបន់មួយចំនួននៃទីក្រុងហុងកុង និងបានបង្កជាបញ្ហាប្រឈមផ្នែកនយោបាយដ៏ធ្ងន់ធ្ងរមួយដល់មេដឹកនាំគណបក្សកុម្មុនិស្តចិននៅទីក្រុងប៉េកាំង។
ថ្ងៃកើតហេតុមន្រ្តីប៉ូលិសទាំង០៧រូបត្រូវបានគេថតវីដេអូយកសកម្មភាពនាពេលកំពុងអូសអ្នកតវ៉ាម្នាក់ឈ្មោះ Ken Tsang ដែលដៃមានជាប់ខ្នោះ ទៅកាន់ទីងងឹតមួយនៅជ្រុងម្ខាងនៃកន្លែងធ្វើបាតុកម្ម ហើយក្រោយមកលោក Tsang ត្រូវបានក្រុមប៉ូលិសនាំគ្នាវាយដំនិងទាត់ធាក់យ៉ាងដំណំជាច្រើនលើកច្រើនសា ខណៈរូបលោកកំពុងដេកដួលនៅលើដី។
ជុំវិញករណីនេះលោកចៅក្រម David Dufton ដែលបានរកឃើញថាបុរសជាមន្រ្តីប៉ូលិសចំនួន០៧រូបពិតជាមានទោសពីបទបង្ករបួសស្នាមមែននោះ បានសម្រេចផ្តន្ទាទោសជនទាំងនោះដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ ហើយលោក Dufton បានលើកឡើងថាពួកគេបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់កងកម្លាំងប៉ូលិសហុងកុង ដោយសារតែការប្រើអំពើហិង្សាកាលពីឆ្នាំ២០១៤នោះ ត្រូវបានមនុស្សនៅទូទាំងពិភពលោកមើលឃើញផ្ទាល់ភ្នែក ហើយពុំមានអ្វីអាចបញ្ជាក់បានឡើយថាទង្វើនោះគឺជារឿងត្រឹមត្រូវ។
គួរបញ្ជាក់ថាលោក Ken Tsang ដែលជាអ្នកបម្រើការងារសង្គមម្នាក់ បានទទួលរងរបួសនៅត្រង់ផ្ទៃមុខ ផ្នែកក និងស្មា ហើយដៃទាំងពីរបស់លោកមានជាប់ចំណងប្លាស្ទិច នៅអំឡុងពេលទទួលរងការវាយដំ ទោះបីជាតុលាការបានលឺដំណឹងថារូបលោកបានជះសារធាតុរាវមួយចំនួនទៅលើមន្រ្តីប៉ូលិសយ៉ាងណាក្តី។ ដោយឡែកការប្រើអំពើហិង្សារបស់ប៉ូលិសនៅទីក្រុងហុងកុងគឺជារឿងដ៏កម្របំផុត ហើយករណីនេះបានធ្វើឲ្យសាធារណជនផ្ទុះកំហឹងជាខ្លាំង៕