(អាល្លឺម៉ង់)៖ នៅទីបំផុតបន្ទាប់ពីបានផ្ទុះសង្រ្គាមពាក្យសម្តីដាក់គ្នា រឿងសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមាភាគីអាមេរិកលោក រិច ធីល្លឺសុន បានជួបមុខគ្នាហើយ នៅថ្ងៃសុក្រនេះនាឱកាសដែលអ្នកទាំងពីរចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 រៀបចំឡើងនៅឯទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ជំនួបរវាងលោក វ៉ាង យ៉ី និងលោក ធីល្លឺសុន ធ្វើឡើងនៅចំពេលមហាអំណាចទំាងពីរ កំពុងខ្វែងគំនិតគ្នាលើបញ្ហាធំៗជាច្រើន ដូចជាការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង រឿងសមុទ្រចិនខាងត្បូង និងខាងកើត ព្រមទាំងសំណុំរឿងកូរ៉េខាងជើងជាដើម។ ទោះបីជាបែបនេះក្ដី ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងហាក់ដូចជាធូរស្រាលឡើងវិញ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមទទួលស្គាល់គោលនយោបាយចិនតែមួយ នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
គួររំលឹកថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានធ្វើការអាត្ថាធិប្បាយជាច្រើន ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង ដោយក្នុងនោះលោកថែមទំាងធ្លាប់បានប្រកាន់គោលជំហរយ៉ាងរឹងមំា តាមរយៈការអះអាងថា ចិនមិនគួរត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ជម្លោះដែលខ្លួនបានសាងសង់កោះសប្បនិម្មិតនោះទេ ហើយដែលការលើកឡើងបែបនេះ ត្រូវបានចិនសម្តែងភាពខឹងសម្បារជាខ្លាំង៕