(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិករាប់ពាន់នាក់បាននាំគ្នាចុះហត្ថលេខាលើញ្ញត្តិមួយ ដោយអំពាវនាវឱ្យ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដកសិទ្ធិជាពលរដ្ឋអាមេរិក និងបណ្ដេញមហាសេដ្ឋីប្រាក់ពាន់លាន លោក ចច សូរ៉ូស (George Soros) ចេញពីសហរដ្ឋអាមេរិកក្រោមហេតុផលមហាសេដ្ឋីដើមកំណើតហុងគ្រីរូបនេះកំពុងធ្វើសកម្មភាពបំបែកបំបាក់សង្គមអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
មនុស្សជាង៩,០០០នាក់ បាននាំគ្នាចុះហត្ថលេខាលើញ្ញត្តិខាងលើ តាមរយៈគេហទំព័រ Change.org ក្នុងគោលបំណងស្នើឱ្យប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ដកសិទ្ធិជាពលរដ្ឋអាមេរិកពី លោក ចច សូរ៉ូស ព្រមទាំងហាមឃាត់លោក និងគ្រួសារមិនឱ្យប្រកបមុខជំនួញនៅលើទឹកដីអាមេរិកទៀតផង។ ក្រុមមនុស្សទំាងនេះបានបញ្ជាក់នៅក្នុងញ្ញត្តិដូច្នេះថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ យើងស្នើឱ្យអ្នកបណ្ដេញលោក ចច សូរ៉ូ ចេញពីសហរដ្ឋអាមេរិក ហើយយើងស្នើឱ្យអ្នកហាមឃាត់លោក ចច សូរ៉ូស និងសមាជិកគ្រួសាររបស់គាត់ទាំងអស់ក្នុងការប្រកបមុខជំនួញនៅសហរដ្ឋអាមេរិក ក៏ដូចជាការវិនិយោគនៅក្នុងមូលនិធិ នយោបាយពុករលួយ»។
គួរបញ្ជាក់ថាការដាក់ញ្ញត្តិបណ្ដេញ លោក ចច សូរ៉ូស ចេញពីទឹកដីអាមេរិក ធ្វើឡើងបន្ទាប់ពី សារព័ត៌មានក្នុងស្រុកជាច្រើនបានរាយការណ៍ថា លោកគឺជាមនុស្សម្នាក់ដែលបានជួយផ្ដល់លុយកាក់ក្នុងការរៀបចំបាតុកម្មតវ៉ាប្រឆាំងនឹងលោក ដូណាល់ ត្រាំ៕