(ញូដេលី)៖ ក្រុមហ៊ុន Apple នៅថ្ងៃប៉ុន្មានខែខាងមុខទៀតនឹងចាប់ផ្តើមធ្វើការដំឡើងទូរស័ព្ទដៃ iPhone SE ដែលមានតម្លៃធូរថ្លៃនៅរោងចក្រមួយកន្លែងស្ថិតក្នុងតំបន់បច្ចេកវិទ្យា Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយផ្អែកលើប្រភពមួយដែលមានចំណេះដឹងពាក់ព័ន្ធផ្ទាល់ជាមួយបញ្ហានេះ។
យោងតាមប្រភពព័ត៌មានខាងលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងរៀបចំរោងចក្រមួយកន្លែងនៅតំបន់ Bengaluru ដើម្បីផ្តោតសំខាន់តែមួយគត់ទៅលើការដំឡើងទូរស័ព្ទដៃ iPhone។ ហើយ Apple បានគ្រោងនឹងធ្វើការដំឡើង iPhone SE ពី៣០០,០០០គ្រឿងទៅ៤០០,០០០គ្រឿងក្នុងដំណាក់កាលដំបូងនៅប្រទេសឥណ្ឌា ប៉ុន្តែគេមិនទាន់បានដឹងច្បាស់ថា តើម៉ូដែល iPhone ផ្សេងទៀតណាខ្លះដែលក្រុមហ៊ុន នឹងធ្វើការដំឡើងក្នុងរោងចក្រនៅតំបន់ Bengaluru នាពេលក្រោយនោះឡើយ។
ជាមួយគ្នានេះដែរកាលវិវឌ្ឍន៍ថ្មីនេះរបស់ Apple ត្រូវបានធ្វើឡើងស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងព្យាយាមបង្កើនវត្តមានក៏ដូចជាភាគហ៊ុនរបស់ខ្លួន នៅក្នុងទីផ្សារទូរស័ព្ទចល័តដ៏ធំ និងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សជាងគេបំផុតលើពិភពលោកមួយនេះ ដែលជាកន្លែងកាន់កាប់របស់ម៉ូដែលទូស័ព្ទមានតម្លៃទាបជាងឆ្ងាយបើធៀបនឹង iPhone របស់ Apple។ ម៉្យាងវិញទៀតនោះអត្រានៃការលក់ iPhone នៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយផ្សេងទៀតនោះក៏កំពុងពុំសូវមានសន្ទុះផងដែរ។
គួរបញ្ជាក់ថាក្រុមហ៊ុន Apple បានដឹកជញ្ជូន iPhone សរុបចំនួន២.៥លានគ្រឿងទៅកាន់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៦កន្លងទៅនេះ ហើយនៅក្នុងត្រីមាសទីមួយនាឆ្នាំមុននេះផងដែរ Apple បានឈរនៅលេខរៀងទី១០ ក្នុងទីផ្សារស្មាតហ្វូនរបស់ឥណ្ឌា។ ដោយឡែកក្រុមហ៊ុន Apple ផ្ទាល់ពុំទាន់បានឆ្លើយតបទៅនឹងសំណើសុំឲ្យមានការធ្វើអធិប្បាយ ជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ៕