(សេអ៊ូល)៖ ប្រភពសម្ងាត់មួយដែលសារព័ត៌មានយ៉ុបហាប់ទទួលបាន នោះគឺនៅទូទាំងប្រទេសកូរ៉េខាងជើង (ក្រៅពីមេដឹកនាំកំពូលៗ) មិនទាន់មាននរណាដឹងពីមរណភាពរបស់លោក គីម ជុងណាំ ដែលជាបងប្រុសរបស់លោក គីម ជុងអ៊ុន នោះឡើយ ក៏ព្រោះតែបណ្តាញផ្សព្វផ្សាយគ្រប់ច្រលល្ហករបស់ប្រទេសនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋកុម្មុយនិស្តទីក្រុងព្យុងយ៉ាង។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ ចេញផ្សាយនៅមុននេះបន្តិចរសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពដដែលបានបញ្ជាក់ទៀតថា ទោះបីជាពេលថ្មីៗបែបនេះរបបដឹកនាំកូរ៉េខាងជើងអាចលាក់ការបាន ប៉ុន្តែវាមិនប្រាកដថានឹងលាក់ជិតរហូតនោះឡើយ ព្រោះប្រជាជនកូរ៉េខាងជើងមួយចំនួនក៏អាចធ្វើដំណើរទៅក្រៅប្រទេស ឬមួយក៏ប្រទេសជិតខាងដូចជាចិនជាដើម ដែលប្រការនេះពួកគេនឹងត្រឡប់មកវិញដោយនាំយកព័ត៌មានទាំងនោះមកប្រាប់សាច់ញាតិ ឬក្រុមគ្រួសារបាន។ ទោះបីជាបែបនេះក្តីការដឹងឮព័ត៌មានបែបនេះ នឹងមិនបង្កជាបញ្ហាអ្វីសម្រាប់សន្តិសុខកូរ៉េខាងជើង ដែលរដ្ឋគ្រប់គ្រងតឹងតែងបំផុតនោះឡើយ។
គួរបញ្ជាក់ថាក្រៅតែពីការអំពាវនាវដល់អាជ្ញាធរម៉ាឡេស៊ី ឲ្យប្រគល់សាកសពលោក គីម ជុងណាំ ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញនោះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់បានបញ្ចេញប្រតិកម្មអ្វី ឬក៏ចោទប្រកាន់នរណាម្នាក់ចំពោះករណីឃាតកម្មកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីនោះឡើយ។ លោក គីម ជុងណាំ បានទទួលមរណភាពដោយសារតែការបំពុល ដែលត្រូវបានអះអាងថាជាបឋមដោយសមត្ថកិច្ចម៉ាឡេស៊ី ខណៈសាកសពរបស់លោកត្រូវបានគេរក្សាទុកយ៉ាងប្រុងប្រយ័ត្ន៕