(ញូយ៉ក)៖ សហរដ្ឋអាមេរិកប្រហែលជាអាចនឹងលុបចោល ឬបន្ធូរបន្ថយច្បាប់សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច។ នេះបើតាមអតីតប្រធានធនាគារកណ្ដាលអាមេរិក (Fed) លោក Alan Greenspan ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខក្រុមអ្នកសេដ្ឋកិច្ចក្នុងទីក្រុងញូយ៉ក លោក Greenspan បានគូសបញ្ជាក់ថា ភាពរឹងមាំនៃសេដ្ឋកិច្ច ក៏អាស្រ័យផងដែរទៅនឹងការវិនិយោគមូលធនដោយសេរី និងការធ្វើអាជីវកម្មប្រកបដោយតុល្យភាពដែលមិនគួរត្រូវបានកំណត់ ឬដាក់កំហិតដោយច្បាប់ហិរញ្ញវត្ថុដូចជា Dodd-Frank Act នោះទេ។ ច្បាប់ Dodd-Frank Act ត្រូវបានអនុម័តដោយអតីតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១០ ក្នុងគោលបំណងឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨។ ម្យ៉ាងវិញទៀតផ្អែកលើច្បាប់នេះ បទដ្ឋាននៃមូលធនស្ដីពីធនាគារ និងប្រព័ន្ធធនាគារត្រូវបានរឹតបន្តឹងយ៉ាងខ្លំាង តាមរយៈការបង្កើតការិយាល័យហិរញ្ញវត្ថុការពារអតិថិជន (Consumer Financial Protection Bureau)។
គួរបញ្ជាក់ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាថា លោកនឹងបន្ធូរបន្ថយការរឹតបន្តឹងនៃច្បាប់ Dodd-Frank Act ដោយថែមទំាងនិយាយ ទៀតថាកំណែទម្រង់ច្បាប់ Wall Street គឺជាមហន្តរាយ និងជារឿងគួរឱ្យភ័យខ្លាចសម្រាប់ពាណិជ្ជកម្មរបស់បណ្តាសហគ្រាសនានានៅអាមេរិក៕