(ស៊ីដនី)៖ នៅថ្ងៃសុក្រនេះអាជ្ញាធរអូស្រ្តាលី បានធ្វើការចាប់ឃាត់ខ្លួនប្រជានេសាទជាជនជាតិវៀតណាមចំនួន២៩នាក់ ក្រោមបទចោទប្រកាន់ថាពួកគេបានធ្វើការនេសោទធនធានផលមួយចំនួនដោយខុសច្បាប់ នៅតាមដែនទឹកក្បែរឆ្នេរសមុទ្ររបស់ប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ជនជាតិវៀតណាមទាំងអស់ខាងលើបានប្រើប្រាស់ទូកនេសាទចំនួនពីរគ្រឿង នៅពេលដែលពួកគេត្រូវចាប់ស្ទាក់បានកាលពីថ្ងៃពុធសប្តាហ៍នេះដោយមន្រ្តីព្រំដែនរបស់អូស្រ្តាលី (ABF) នៅតំបន់ថ្មប៉ប្រះទឹក Saumarez Reef ក្នុងរដ្ឋ Queensland។ ទូកនេសាទទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចុះឆែកឆេរភ្លាមៗ ហើយអាជ្ញាធរអូស្រ្តាលីបានរកឃើញនូវធនធានសមុទ្រមួយចំនួន ដែលឈានដល់ការរឹបអូសយកទាំងទូក និងមនុស្សចំនួន២៩នាក់ត្រឡប់ទៅកាន់ទីស្នាក់ការរបស់ពួកគេវិញ។
ទីភ្នាក់ងារគ្រប់គ្រងការនេសាទនៃប្រទេសអូស្រ្តាលី ដែលបានរួមសហការជាមួយកម្លាំង ABF ក្នុងការឃាត់ខ្លួនទូកនេសាទវៀតណាមខុសច្បាប់ មានការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលសម្រេចថ្មីនេះ ខណៈប្រធានចាត់ការទូទៅនៃប្រតិបត្តិការលោក Peter Venslovas បានចេញសេចក្តីព្រមានធ្ងន់មួយទៅជនទាំងឡាយផ្សេងទៀត ដែលមានបំណងចង់ប្រព្រឹត្តទង្វើស្រដៀងគ្នានេះនៅក្នុងដែនសមុទ្រអូស្រ្តាលី។ លោក Venslovas បានលើកឡើងថា «អ្នកនេសាទបរទេសទាំងឡាយណា ដែលព្យាយាមកេងចំណេញនិងកំណត់គោលដៅលើធនធានជលផលរបស់យើង នឹងត្រូវចាប់ខ្លួនជាក់ជាមិនខាន ហើយអាចប្រឈមមុខនឹងការកាត់ទោស ក៏ដូចជាការរឹបអូសយកទូកនេសាទរបស់ពួកគេទៅបំផ្លាញចោលថែមទៀតផង»។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦កន្លងទៅទូកនេសាទរបស់វៀតណាមចំនួន១០គ្រឿងត្រូវស្ទាក់ចាប់បានដោយអាជ្ញាធរអូស្រ្តាលី ហើយប្រជានេសាទវៀតណាមចំនួន១២១នាក់បានមានទោសពីបទធ្វើការនេសាទខុសច្បាប់នៅក្នុងដែនទឹករបស់អូស្រា្តលី ខណៈធនធានសមុទ្រជាង៣២,០០០តោនត្រូវបានរឹបអូស។ ជុំវិញបញ្ហានេះ ប្រធានទីភ្នាក់ងារអភិរក្សជីវិតក្នុងសមុទ្រប្រទេសអូស្រា្តលីបានទទូចដាច់ខាតថា ការនេសាទខុសច្បាប់ចាំបាច់ត្រូវតែបញ្ឈប់ឲ្យបានទាំងស្រុង ដើម្បីការពារនិងថែរក្សាប្រព័ន្ធជីវៈចម្រុះសមុទ្រនៅក្នុងប្រទេសអូស្រ្តាលី៕