(ព្រុចសែល)៖ រដ្ឋមន្រ្តីការពារជាតិប្រទេសហូឡង់លោកស្រី Jeanine Hennis-Plasschaert នៅថ្ងៃពុធសប្តាហ៍នេះបានថ្លែងថា អង្គការណាតូ (NATO) មិនអាចវិលត្រឡប់ទៅរកទំនាក់ទំនងមិត្តភាពដែលក្រុមសម្ព័ន្ធមិត្តមួយនេះ ធ្លាប់មានជាមួយនឹងប្រទេសរុស្ស៊ីបានដូចពេលមុនឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ដោយធ្វើការអធិប្បាយអំពីគោលជំហររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះរដ្ឋាភិបាលទីក្រុងម៉ូស្គូ លោកស្រី Hennis-Plasschaert បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា អង្គការ NATO និងប្រទេសរុស្ស៊ីធ្លាប់មានទំនាក់ទំនងដ៏ល្អជាមួយនឹងគ្នាក្នុងរយៈពេលយ៉ាងយូរ ក៏ប៉ុន្តែស្ថានការណ៍អាចមិននៅបន្តដូច្នោះដូចដើមដដែលបានឡើយ ដោយសារតែព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងនាពេលថ្មីៗកន្លងទៅនេះ ដែលការលើកឡើងបែបនេះលោកស្រីរដ្ឋមន្រ្តីការពារជាតិហូឡង់ ចង់សំដៅលើការរួបរួមរបស់តំបន់គ្រីមៀជាមួយរុស្ស៊ី ព្រមទាំងការចោទប្រកាន់ដែលថារុស្ស៊ីបានចូលជ្រៀតជ្រែកក្នុងបញ្ហាជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ដោយឡែកនៅដើមសប្តាហ៍នេះអគ្គលេខាធិការនៃអង្គការ NATO លោក Jens Stoltenberg បាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក៏ដូចជារដ្ឋមន្រ្តីការពារជាតិលោក James Mattis និងរដ្ឋមន្រ្តីការបរទេសលោក Rex Tillerson បានប្រាប់អង្គការ NATO ថារូបលោកទាំងបីមានការគាំទ្រទាំងស្រុងចំពោះ «មធ្យោបាយផ្លូវពីរ» ស្តីពីការការពារខ្លួនផងនិងបង្កើតកិច្ចសន្ទនាផងក្នុងពេលជាមួយគ្នា។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៤មក ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិក បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងនៅចំពោះមុខវិបត្តិដ៏រ៉ាំរ៉ៃក្នុងប្រទេសអ៊ុយក្រែន។ ម៉្យាងវិញទៀតទីក្រុងព្រុចសែល និងវ៉ាស៊ីនតោនព្រមទាំងសម្ព័ន្ធមិត្តដទៃទៀតរបស់ពួកគេ បានរួមគ្នាដាក់ទណ្ឌកម្មជាច្រើនលើកប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្អាងលើលែសថារុស្ស៊ីបានចូលលូកដៃក្នុងវិបត្តិនៅអ៊ុយក្រែន ដែលជាការចោទប្រកាន់រុស្ស៊ីផ្ទាល់បានច្រានចោលជាដដែលៗ ហើយរុស្ស៊ីក៏បានចាត់វិធានការឆ្លើយតបទៅវិញចំពោះប្រទេសទាំងឡាយណាដែលបានដាក់ទណ្ឌកម្មមកលើខ្លួនផងដែរ។ ក្រោយមកអង្គការ NATO បាននិងកំពុងខិតខំបង្កើនកម្លាំងយោធាយ៉ាងខ្លាំងនៅអឺរ៉ុប ជាពិសេសគឺនៅតាមប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបខាងកើតតែម្តង ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី៕