(គូឡាឡាំពួរ)៖ សន្តិសុខនៅតាមច្រកចេញចូលទំាងអស់នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងបន្ទាប់ពីបងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបាគេធ្វើឃាតកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញវិធានការសន្ដិសុខនេះដែរមេបញ្ជាការប៉ូលិសខេត្ត Selangor លោក Abdul Samah Mat បានឱ្យដឹងថា ប៉ូលិសម៉ាឡេស៊ីកំពុងរឹតបន្តឹងសន្តិសុខក្នុងកំរិតខ្ពស់ ដើម្បីឃ្លាំមើលរាល់ការចេញចូលរបស់អ្នកដំណើរនៅតាមច្រកចេញចូលនៃអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ (KLIA) និងអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ២ (KLIA2) ហើយដែលការធ្វើបែបនេះមានគោលបំណងទប់ស្កាត់មិនឱ្យជនសង្ស័យដ៏ទៃទៀតពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក គីម ជុងណាំ រត់ចេញពីប្រទេស។
លោក Abdul Samah បន្ថែមទៀតថា អាជ្ញាធរក៏កំពុងរង់ចំាផងដែរនូវចម្លើយពីភាគីស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសម៉ាឡេស៊ីស្ដីពីសំណើសុំកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់ការស៊ើបអង្កេតនៅក្នុងករណីឃាតកម្មដ៏រសើបនេះ។
គួររំលឹកថាបើតាមប្រភពជាច្រើន លោក គីម ជុងណាំ ត្រូវបានគេបំពុលឱ្យស្លាប់នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទ ដោយស្រ្តីជាជនសង្ស័យពីរនាក់ ដែលកំពុងជាប់ឃុំ ខណៈសពលោក គីម កំពុងស្ថិតនៅក្រោមការធ្វើកោសល្យវិច័យនៅឡើយ៕