(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលទើបតែបានចាត់ទុកអ៊ីរ៉ង់នាពេលថ្មីៗនេះថាជា «រដ្ឋនៃពួកភេរវករ» កំពុងគិតគូរជំរុញឱ្យបណ្ដាប្រទេសអារ៉ាប់បង្កើតប្លុកយោធាមួយ (ឬអង្គការសម្ព័ន្ធភាពយោធាយកគំរូតាមអង្គការណាតូ) ដើម្បីប្រឈមមុខនឹងទីក្រុងតេហេរ៉ង់ ដែលជាបន្លានៅក្នុងទ្រូងសម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលត្រូវតែដកចេញនៅថ្ងៃណាមួយ។ នេះបើតាមកាសែត Washington Post ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមប្រភពដែល Washington Post ទទួលបានសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអារ៉ាប់មួយចំនួន កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាស្ដីពីការបង្កើតសម្ព័ន្ធភាពយោធាថ្មីមួយ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយយកគំរូតាមអង្គការណាតូ ពោលគឺនៅក្នុងករណីមានការវាយប្រហារប្រឆាំងនឹងសមាជិកណាមួយរបស់ខ្លួននោះវាមានន័យស្មើនឹងការវាយប្រហារលើសមាជិកទំាងអស់តែម្ដង។ ប្រភពដដែលបញ្ជាក់ទៀតថា អង្គការសម្ព័ន្ធភាពយោធាថ្មីនេះ គួរតែមានការចូលរួមពីប្រទេស អារ៉ាប៊ី សាអ៊ូឌីត, អេមីរ៉ាត់ អារ៉ាប់រួប, អេហ្ស៊ីប និងហ្ស៊កដានីជាដើមក្នុងកម្មវត្ថុរួមនោះគឺប្រឆាំងនឹងអ៊ីរ៉ង់។
ទោះបីជាយ៉ាងណាខាងទីក្រុងវ៉ាស៊ីនតោន មិនទាន់ឆ្លើយតបនឹងការលើកឡើងនេះនៅឡើយទេ។ ម្យ៉ាងវិញទៀតបើសិនជារដ្ឋបាលលោកត្រាំ ចង់បង្កើតប្លុកយោធានេះមែននោះ ជាដំបូងត្រូវតែលុបចោល ច្បាប់អនុញ្ញាតឱ្យគ្រួសារសាច់ញាតិជនរងគ្រោះដាក់ពាក្យប្ដឹង អារ៉ាប៊ី សាអ៊ូឌីត រឿងភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ជាមុនសិន។ ច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា ដែលធ្វើឲ្យទំនាក់ទំនងអាមេរិក និងមហាអំណាចអារ៉ាប់មួយនេះ មិនសូវរលូន៕