(ប៊ែរឡាំង)៖ប្រមុខការទូតសហរដ្ឋអាមេរិកលោក រិច ធីល្លឺសុន បានសន្យាថាទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់គ្រប់អាវុធ ឬវិធានាការទំាងអស់ដែលខ្លួនមានក្នុងនោះរួមមានទំាងអាវុធនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងជប៉ុនពីការគំរាមកំហែងណាមួយពីសំណាក់កូរ៉េខាងជើង នៅក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក ធីល្លឺសុន ធ្វើឡើងនៅក្រោយជំនួបជាមួយសមាភាគីកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងឱកាសចូលរួមកិច្ចប្រជុំ G20 នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកនៅតែរក្សាការសន្យា និងការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្ត តូក្យូ និងសេអ៊ូល ក្នុងនោះរួមមានទាំងការការពារធម្មតា និងដោយសមត្ថភាពការពារដោយអាវុធនុយក្លេអ៊ែរ នៅក្នុងករណីចាំបាច់»។
គួរបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសទាំងបី ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងដោយទីក្រុងព្យុងយ៉ាងកាលពីសប្ដាហ៍មុន ដែលអាចហោះបានចំងាយ៥០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។ ដោយឡែកបន្ទាប់ពីការធ្វើតេស្ដនេះដែរ ប្រធានាធិបតីអាមេរិក បាននិយាយថាកូរ៉េខាងជើងគឺជាបញ្ហាដ៏ធំ ហើយបញ្ហានេះនឹងត្រូវដោះស្រាយដោយវិធានការយ៉ាងតឹងរ៉ឹង។ ទោះបីជាយ៉ាងនេះក្ដីករណីប្រើប្រាស់កម្លាំងយោធាទៅលើរបបដឹកនាំលោក គីម ជុងអ៊ុន ទំនងជានឹងមិនអាចកើតឡើងនោះឡើយ ត្បិតសហរដ្ឋអាមេរិកមិនចង់ប្រឈមមុខជាមួយចិន ដែលនៅចាំការពារកូរ៉េខាងជើងយ៉ាងប្រាកដ៕