(អ៊ីរ៉ាក់)៖ រថយន្តមួយគ្រឿងផ្ទុកទៅដោយគ្រាប់បែកបានផ្ទុះឡើង នៅថ្ងៃព្រហស្បតិ៍នេះ នាតំបន់ភាគខាងត្បូង រដ្ឋធានី Baghdad របស់ប្រទេសអ៉ីរ៉ាក់ បានសម្លាប់មនុស្ស៤៥នាក់ និងជាច្រើននាក់ទៀតបានទទួលរងរបួស ដោយនេះគឺជាការវាយប្រហារលើកទី៣ហើយ ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។ នេះបើតាមប្រភពពីមន្ត្រីសន្តិសុខអ៊ីរ៉ាក់ ចុះផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែកនេះ បានធ្វើឡើងនៅលើបណ្តោយផ្លូវមួយកន្លែង ដែលពោរពេញទៅដោយឃ្លាំងលក់រថយន្តជជុះ និងយានដ្ឋានជួសជុលរថយន្ត។ ករណីបំផ្ទុះនេះក្រុម IS បានប្រកាសថាទង្វើបំផ្ទុះគ្រាប់បែកគឺជាស្នាដៃរបស់ពួកគេ។
គួររំលឹកថា កាលពីថ្ងៃពុធ មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះរថយន្តឡើង នៅទីក្រុង Sadr ជាយរដ្ឋធានី Baghdad បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ និងរបួសប្រមាណ៥០នាក់។ ការបំផ្ទុះនេះ ក៏មានគោលដៅវាយប្រហារ ទៅដល់ផ្លូវដែលមានឃ្លាំងលក់ រថយន្តជជុះផងដែរ។
ក្រុមឧទ្ទាម IS បានបង្កើនការបំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកចំពោះយុទ្ធនាការ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការកម្ចាត់ក្រុមឧទ្ទាម Sunni ចេញពីទីក្រុងជាច្រើនរបស់អ៊ីរ៉ាក់ ដែលខ្លួនបានវាយដណ្តើមកាន់កាប់ ក្នុងឆ្នាំ២០១៤។ ក្រុមឧទ្ទាម ក៏បានគ្រប់គ្រងតំបន់មួយចំនួន នៅតំបន់ព្រំដែនជាមួយស៊ីរីផងដែរ៕