(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋភិបាលទីក្រុងព្យុងយ៉ាង បានប្រារព្ធពីធំរំលឹកខួបទី៧៥ឆ្នាំ នៃអតីតមេដឹកនាំកំពូលកូរ៉ខាងជើងលោក គីម ជុងអ៊ីល បន្ទាប់ពីកូនប្រុសច្បងរបស់លោកដែលត្រូវជាបងប្រុសម្តាយផ្សេងគ្នារបស់លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាតនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយការដកស្រង់សេចក្តីរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់វិមានរំលឹកខួប Kumsusan Palace of the Sun ដើម្បីសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោឪពុករបស់លោកដែលបានទទួលមរណភាពទៅកាលពីចុងឆ្នាំ២០១១ នៅក្នុងឱកាសនៃពីធីដ៏សំខាន់បំផុតមួយនេះសម្រាប់ប្រទេសកូរ៉េខាងជើង។ ក្រៅពីនេះកូរ៉េខាងជើងបានរៀបចំពីធីជួបជុំដ៏ធំមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាង ដោយមានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាល និងយោធាជាច្រើនរូប ក៏ដូចជាលោក គីម ជុងអ៊ុន ផងដែរ ប៉ុន្តែប្រមុខដឹកនាំកំពូលរូបនេះបានបង្ហាញវត្តមានទាំងទឹកមុខក្រៀមក្រំ។
គួរបញ្ជាក់ថាពិធីរំលឹកខួបនៃអតីតមេដឹកនាំកូរ៉េខាងជើងខាងលើនេះ ត្រូវបានធ្វើឡើងនៅរយៈពេលបីថ្ងៃ បន្ទាប់ពីលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសមានម្តាយទីទៃជាមួយនិងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងផ្ទាល់តែម្តងនោះ ត្រូវបានធ្វើឃាតនៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ដោយសារស្ត្រីចំនួនពីរ ដែលសង្ស័យថាជាភ្នាក់ងារចារកិច្ចរបស់កូរ៉េខាងជើង បានបំពុលរូបលោក។ ដោយឡែកមកទល់ថ្ងៃព្រហស្បតិ៍នេះស្រ្តីចំនួនពីររូបសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ ត្រូវប៉ូលិសម៉ាឡេស៊ីចាប់ឃាត់ខ្លួនបានហើយរួមជាមួយ និងជនសង្ស័យម្នាក់ទៀត៕