(ម៉ានីល)៖ សមាជិកសភាហ្វីលីពីនមួយរូបដែលជាអ្នករិះគន់មិនសំចៃមាត់ទៅលើលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការគាស់កកាយឡើងមកវិញជាសាថ្មីម្តងទៀត នូវបទចោទប្រកាន់ពាក់ព័ន្ធនឹងការលួចលាក់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់សរុបរាប់សិបលានដុល្លារ ដែលមេដឹកនាំកំពូលនៃប្រទេសហ្វីលីពីនរូបនេះ មិនទាន់អាចឆ្លើយបកស្រាយឲ្យបានច្បាស់លាស់នៅឡើយ ខណៈវាជាការលើកឡើងដែលអ្នកគាំទ្រលោក ឌូតឺតេ បានច្រានចោលថាគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Antonio Trillanes ជាអ្នកនយោបាយដ៏កម្រមួយរូបដែលជាធម្មតាហ៊ានចេញមុខបង្ហាញការជំទាស់នឹងលោកប្រធានាធិបតីដ៏មានប្រជាប្រិយភាពនោះ បានបញ្ចេញនូវឯកសារថតចម្លងនៃរបាយការណ៍ធនាគារចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥ មានទឹកប្រាក់សរុបចំនួន៤៨លានដុល្លារនៅក្នុងគណនីជាច្រើនខុសៗគ្នា ដែលលោក Trillanes បានអះអាងថាគឺជារបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ផ្ទាល់ និងជាទ្រព្យសម្បត្តិដែលរូបលោកមិនបានធ្វើការប្រកាសឲ្យសាធារណជនហ្វីលីពីនបានដឹង នៅមុនការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។
យោងតាមឯកសារថតចម្លងខាងលើដែលលោក Trillanes បានបញ្ចេញ គណនីធនាគារមួយចំនួនគឺជាប្រភេទគណនីរួមដែលលោក ឌូតឺតេ បានគ្រប់គ្រងជាមួយបុគ្គលជិតស្និទ្ធនឹងលោករួមមានទាំងសាច់ញាតិផងដែរ។ រីឯខ្លះទៀតគឺជាប្រភេទគណនីផ្ទាល់ខ្លួនដាច់ដោយឡែកស្ថិតក្រោមឈ្មោះមនុស្សជំនិតដទៃៗទៀត ប៉ុន្តែលោក Trillanes បាននិយាយថាគណនីធនាគារទាំងអស់នេះ សូម្បីតែគណនីទាំងឡាយណាដែលមិនមានឈ្មោះលោក ឌូតឺតេ ក៏ដោយ គឺធាតុពិតសុទ្ធសឹងតែជារបស់លោកប្រធានាធិបតីហ្វីលីពីនផ្ទាល់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយលោក Antonio Trillanes បានសង្កត់ធ្ងន់ថា «បើសិនជាការចោទប្រកាន់របស់ខ្ញុំវាផ្ទុយស្រឡះពីការពិតវិញនោះ រូបខ្ញុំនឹងលាលែងពីតំណែងជាសមាជិកសភាភ្លាមៗតែម្តង»។ គួរបញ្ជាក់ថាលោក Trillanes ដែលជាអតីតកងទ័ពជើងទឹកមួយរូប ដែលធ្លាប់ដឹកនាំការធ្វើរដ្ឋប្រហារបរាជ័យមួយកាលពីឆ្នាំ២០០៣នោះ បានចោទប្រកាន់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតម្តងរួចមកហើយថាបានលួចរក្សាទុកគណនីធនាគារសម្ងាត់៕