(សិង្ហបុរី)៖ ក្រុមហ៊ុនផលិតរថយន្តម៉ាក Lamborghini របស់ប្រទេសអ៊ីតាលី បានប្រកាសប្រមូលយករថយន្តដ៏ទំនើប និងមានតម្លៃថ្លៃកប់ពពកនេះរាប់ពាន់គ្រឿងចូលមកវិញ ជុំវិញបញ្ហាអគ្គិភ័យបន្ទាប់ពីករណីផ្ទុះឆេះរថយន្តហោះប្រភេទចំនួនចំនួន០៧លើកត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះបំផុតមួយនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមហ៊ុនពុំបានទទួលដឹងថាមានអ្នកបើកឬមួយក៏អ្នកដំណើរណាបានទទួលរងរបួសដោយសារតែបញ្ហាខាងលើឡើយ។ ជុំវិញបញ្ហានេះរដ្ឋបាលសុវត្ថិភាពចរាចរណ៍លើមហាវិថីជាតិរបស់សហរដ្ឋអាមេរិក បានលើកឡើងថា «នៅក្នុងលក្ខខណ្ឌនៃការបើកបរណាមួយ ខណៈពេលដែលយានយន្តម៉ាក Lamborghini មានផ្ទុកឥន្ធនៈនៅពេញបេនសាំងនោះ ប្រេងសាំងប្រហែលជាប៉ះពាល់ជាមួយប្រព័ន្ធបញ្ចេញផ្សែងពុល ដែលប្រការនេះអាចបង្កើនហានិភ័យនៃការផ្ទុះឆេះឡើងបានយ៉ាងងាយ»។
ជាមួយគ្នានេះយោងតាមសេចក្តីរាយការណ៍របស់ CNN អ្នកនាំពាក្យមកពីក្រុមហ៊ុន Lamborghini បានថ្លែងថាម្ចាស់រថយន្តទាំងអស់គួរតែនាំយករថយន្តរបស់ពួកគេទៅកាន់ក្រុមហ៊ុនលក់រថយន្តនេះនៅតាមតំបន់រៀងៗខ្លួន ដើម្បីធ្វើការកែតម្រូវបញ្ហានេះដែលនឹងចំណាយពេលយ៉ាងច្រើនពីពីរទៅបីថ្ងៃគឺរួចរាល់ហើយ។ ម្ចាស់រថយន្តដ៏ទំនើបនេះត្រូវបានស្នើឲ្យធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនផ្នែកលក់រថយន្ត Lambor ghini ដែលមានការអនុញ្ញាតត្រឹមត្រូវ ដើម្បីទទួលបានការដំឡើងប្រព័ន្ធគ្រប់គ្រងការបញ្ចេញផ្សែងពុល EVAP ទៅកាន់ជំនាន់ចុងក្រោយបំផុត។
គួរបញ្ជាក់ថាម៉ូដែលរថយន្ត Lamborghini ដែលស្ថិតក្រោមការប៉ះពាល់រួមមាន Aventador ដែលមានតម្លៃខ្ទង់៤០០,០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿង និងម៉ូដែល Venono ដ៏កម្រដែលមានតម្លៃដល់ទៅបួនលានដុល្លារ ហើយរថយន្ត Lamborghini ម៉ូដែល Aventadors ចំនួនជិត៦,០០០គ្រឿងត្រូវបានប្រមូលចូលវិញ ដើម្បីឆ្លងកាត់ការកែតម្រូវបញ្ហា៕