(សេអ៊ូល)៖ ការិយាល័យស៊ើបការសម្ងាត់ទូទៅនៃទីភ្នាក់ងារចារកម្មកូរ៉េខាងជើង បានផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មី តាមរយៈការជ្រើសរើសស្ត្រីមានរូបសម្បត្តិ ទាក់ទាញកាន់តែច្រើនឡើងឱ្យចូលបម្រើការងារនៅទីភ្នាក់ងារចារកម្ម ហើយដែលការលើកបែបនេះធ្វើឡើងបន្ទាប់ពីមានករណីឃាតកម្មលើបងប្រុសរបស់ លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយស្ត្រីពីរនាក់ជាប់សង្ស័យថាជាភ្នាក់ងារសម្ងាត់កូរ៉េខាងជើង។ នេះបើតាមរបាយការណ៍មួយចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ផ្អែកលើរបាយការណ៍ខាងលើបានឱ្យដឹងទៀតថា បើតាមជនសុំសិទ្ធិជ្រកកោនកូរ៉េខាងជើងម្នាក់ដែលធ្លាប់មានជាប់ពាក់ព័ន្ធនឹងការិយាល័យស៊ើបការសម្ងាត់ទូទៅ បច្ចុប្បន្នទីក្រុងព្យុងយ៉ាងកំពុងបង្កើនចំនួនស្ត្រីកាន់តែច្រើនឡើង នៅក្នុងជួរមន្ត្រីភ្នាក់ងារចារកិច្ច គិតចាប់តាំងពីការរិយាល័យនេះចាប់ផ្ដើមធ្វើសកម្មភាពនៅឆ្នាំ២០០៩។ ដោយឡែកជុំវិញ ការលើកឡើងនេះដែរ នាយកមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េខាងជើងពិភពលោកក្នុងទីក្រុងសេអ៊ូល លោក អាន់ ចាន់អ៊ីល (Ahn Chan-il) ក៏បានបញ្ជាក់ដែរថា កូរ៉េខាងជើងធ្លាប់ត្រូវគេដឹងថា បានជ្រើសរើសនិងចូលចិត្តប្រើប្រាស់ទីភ្នាក់ងារចារកិច្ចជាស្ត្រីនៅក្នុងការលួចធ្វើឃាតដោយប្រើថ្នាំបំពុល ជាជាងទីភ្នាក់ចារកិច្ចជាបុរស ដែលប្រើប្រាស់កាំភ្លើង និងកូនកាំបិតដើម្បីសម្លាប់មនុស្ស។
គួរជំរាបជូនថាទីភ្នាក់ងារចារកិច្ចស្ត្រីកូរ៉េខាងជើងល្បីល្បាញជាងគេមានដូចជានាង គីម យ៉ុនហ៊ុយ (Kim Hyon-hui) និងនាង វ៉ុន ជុងវ៉ា (Won Jeong-hwa)។ នាងគីម យ៉ុនហ៊ុយ ត្រូវបានគេស្គាល់បន្ទាប់ពីរូបនាងបានចូលរួមនៅក្នុងប្រតិបត្តិការបំផ្ទុះយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ Korean Air ក្នុងផ្លូវធ្វើហោះហើរពីទីក្រុងបាកដាដ ទៅកាន់ទីក្រុងសេអ៊ូល កាលពីឆ្នាំ១៩៨៧។ ចំណែកឯ នាងវ៉ុន ជុងវ៉ា ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០០៨ ក្រោយពីបានបន្លំខ្លួនចុះចូលជាមួយទីក្រុងសេអ៊ូល ដើម្បីលួចប្រមូលព័ត៌មានយោធាពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង៕