(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីនៅមុននេះបន្តិច បានចាប់ជនសង្ស័យទីបីក្នុងករណីធ្វើឃាតបងប្រុសមេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ នោះហើយដោយជនទីបីដែលត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្តោះអាសន្ននោះមានអាយុ ២៦ឆ្នាំ ជាជនជាតិម៉ាឡេស៊ីផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
មេបញ្ជាការប៉ូលិសនៃរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ីលោក Abdul Samah Mat បានប្រាប់ស៊ិនហួរដោយផ្ទាល់ទៀតថា បុរសជនជាតិម៉ាឡេស៊ីខាងលើនេះត្រូវបានចាប់ខ្លួននៅទីក្រុង Ampag នៃរដ្ឋ Selangor តែម្តងដែលត្រូវបានគេជឿជាក់ថា ជាមិត្តប្រុសរបស់ស្ត្រីជាជនសង្ស័យទីពីរ ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ និងកាន់លិខិតឆ្លងដែនឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថាក្រៅពីការចាប់ និងឃុំខ្លួនជនសង្ស័យដែលមានជាប់ពាកព័ន្ធនឹងករណីធ្វើឃាតបងប្រុសលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងនេះ ប៉ូលិសម៉ាឡេស៊ីមិនទាន់បានបញ្ជាក់ពីប្រវត្តិ ឬមួយក៏ការសួរចម្លើយនឹងត្រូវធ្វើឡើងនៅពេលណានោះឡើយ ហើយគេក៏មិនទាន់ច្បាស់ដែរថា តើជនសង្ស័យសរុបមានប៉ុន្មាននាក់។ ជនសង្ស័យទីមួយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភៈដែលជាស្ត្រីកាន់លិខិតឆ្លងដែនវៀតណាម ខណៈជនសង្ស័យទីពីរក៏ជាស្ត្រីប៉ុន្តែកាន់លិខិតឆ្លងដែនឥណ្ឌូណេស៊ី និងជនសង្ស័យទីបីនេះជាបុរសជនជាតិម៉ាឡេស៊ីដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី១៦ ខែកុម្ភៈនេះដូចគ្នា។
លោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីអះអាងថា ត្រូវបានគេបំពុលឲ្យស្លាប់នៅព្រលានយន្តហោះទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយប្រទេសកូរ៉េខាងត្បូង និងអាមេរិកដែលជាអ្នកដឹងរឿងសម្ងាត់កូរ៉េខាងជើងច្រើនជាងគេនោះ បានចោទទាំងស្រុងទៅលើរបបដឹកនាំលោក គីម ជុងអ៊ុន តែម្តងថាជាអ្នកបានរៀបចំគំរោងសម្លាប់សាច់ឈាមឯងនេះ៕