(អាមេរិក)៖ អាជ្ញាធរសហរដ្ឋអាមេរិកចេញសេចក្តីប្រកាសថា ពលរដ្ឋកាលីហ្វរញ៉ាចំនួន១៨៨,០០០នាក់ ដែលត្រូវបានជម្លៀសខ្លួនចេញជាបន្ទាន់ដោយសារតែបញ្ហានៃទំនប់វារីអគ្គិសនីក្នុងទីក្រុង Oroville អាចធ្វើដំណើរត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេបានវិញហើយ បន្ទាប់ពីបានភៀសខ្លួនអស់រយៈពេលជាច្រើនថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅប៉ុន្មានថ្ងៃកន្លងទៅនេះអាជ្ញាធររដ្ឋកាលីហ្វរញ៉ាបានប្រើប្រាស់ឧទ្ធម្ភាគចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿង ដើម្បីធ្វើការលុបបំពេញចន្លោះប្រហោងនៅក្នុងទំនប់វារីអគ្គិសនី និងបង្ហែរទិសដៅនៃចរន្តទឹកហើយពួកគេបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកាត់បន្ថយកម្រិតទឹកឲ្យបានមុនពេលមានការធ្លាក់ភ្លៀងដែលត្រូវបានគេព្យាករណ៍ថា នឹងចាប់ផ្តើមពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។
គួរបញ្ជាក់ថាទំនប់វារីអគ្គិសនី Oroville Dam ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅអាមេរិក បានប្រេះធ្លាយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅពេលមានចន្លោះប្រហោងដែលគេជឿជាក់បង្កឡើងដោយការសឹករិចរឹលនោះ បានកើតមាននៅក្នុងចក្រផ្លូវបង្ហូរទឹកនៃទំនប់វារីអគ្គិសនីមួយនេះ។ ដូច្នេះជាវិធានបង្ការជាបន្ទាន់ អាជ្ញាធរក្នុងតំបន់បានចេញសេចក្តីប្រកាសឲ្យមានការជម្លៀសខ្លួនទ្រង់ទ្រាយធំភ្លាមៗ នៅតាមតំបន់ចំនួនបីនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ដែលស្ថិតនៅក្រោមខែ្សទឹកហូរ ៕