(សេអ៊ូល)៖ ការសន្និដ្ឋានពីមូលហេតុស្លាប់ លោក គីម ជុងណាំ ជាបងប្រុសម្ដាយទីទៃរបស់ លោក គីម ជុងអ៊ុន កាន់តែមានច្រើនឡើងៗ និងមានការអះអាងផ្សេងៗពីគ្នា ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសុទ្ធតែជឿជាក់ថារបបដឹកនាំទីក្រុងព្យុងយ៉ាង ជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
សារព័ត៌មានកូរ៉េខាងត្បូងមួយចំនួនយល់ថា មរណភាពរបស់លោក គីម ជុងណាំ អាចមានជាប់ពាក់ព័ន្ធនឹងជម្លោះទ្រព្យសម្បត្តិបន្សល់ទុកដោយអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល និងលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីលោក ចាង សុងតេក ដែលត្រូវជាពូបង្កើតលោក គីម ជុងអ៊ុន។
ជាក់ស្ដែងបើតាមប្រភពដែលយ៉ុនហាប់ ទទួលបានពីជនជាតិកូរ៉េខាងជើងធ្វើការនៅក្នុងស្ថាប័នពាណិជ្ជកម្មអន្តរជាតិ បានហៅ លោក គីម ជុងណាំ ថា «ជាតួឯកសំខាន់នៃទីក្រុងម៉ាកាវ» និងថែមទំាងបានបញ្ជាក់ទៀតថាបន្ទាប់ពីលោក ចាង សុងតេក ត្រូវប្រហារជីវិតកាលពីខែធ្នូ ឆ្នាំ២០១៤ លុយមួយចំនួនរបស់លោកបានធ្លាក់ទៅក្នុងដៃ លោក គីម ជុងណាំ ហើយលើសពីនេះទៅទៀត លោកក៏បានទទួលមរតកពីឪពុក គឺលោក គីម ជុងអ៊ីល ផងដែរ។
ប្រភពដដែលបន្ថែមថា លោក គីម ជុងអ៊ុន ធ្លាប់បានស្នើសុំជាច្រើនលើកដល់បងប្រុសរបស់ខ្លួនឱ្យប្រគល់ទ្រព្យសម្បត្តិមកគណបក្សពលករ ក្រោមហេតុផលទីក្រុងព្យុងយ៉ាងកំពុង ជាប់ទណ្ឌកម្មពីសំណាក់អន្តរជាតិ និងត្រឡប់មកកាន់កូរ៉េខាងជើងវិញ ក៏ប៉ុន្តែលោក គីម ជុងណាំង មិនបានទទួលយកសំណើទាំងនេះទេ។ បន្ថែមពីនេះ រដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់បានបញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ នៅទីក្រុងម៉ាកាវប្រទេសចិនកាលពីថ្ងៃទី២០ ខែមករា ដើម្បីឲ្យរូបលោកត្រឡប់ទៅកូរ៉េខាងជើងវិញ។
គួរបញ្ជាក់ថាទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) នៅថ្ងៃព្រហស្បតិ៍នេះបានប្រាប់សភានៅក្នុងកិច្ចប្រជុំបិទទ្វារថា ប្រពន្ធដើមរបស់លោក គីម ជុងណាំ និងកូនកំពុងរស់នៅក្នុងទីក្រុងប៉េកាំង រីឯប្រពន្ធទី២រស់នៅក្នុងទីក្រុងម៉ាកាវ ប៉ុន្តែមិនបានបញ្ជាក់ថាមានកូនឬក៏អត់នោះទេ៕