(វែលីងតោន)៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យរាប់រយនាក់ និងយន្តហោះជាច្រើនគ្រឿងបាននិងកំពុងបន្តព្យាយាមពន្លត់ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ ដែលកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទីក្រុង Christchurch ដែលប្រជាជនរស់នៅច្រើនបំផុតនៅប្រទេសនូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមក្រុមការងារសង្រ្គោះបន្ទាន់ភ្លើងឆេះព្រៃនៅក្នុងសង្កាត់ Port Hills នៃទីក្រុង Christchurch បានបន្តរីករាលដាលយ៉ាងឆាប់រហ័សបំផុតនៅលើផ្ទៃដីប្រមាណ១,៨០០ហិកតា ហើយមនុស្សមិនតិចជាង១,០០០នាក់ឡើយ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ និងផ្ទះចំនួន១១ខ្នងបានទទួលរងការបំផ្លិចបំផ្លាញទាំងស្រុង ជាមួយនិងការប្រកាសអាសន្នកម្រិតធ្ងន់ត្រូវបានដាក់ចេញ។
នាយករដ្ឋមន្រ្តីនូវែលសេឡង់លោក Bill English បានឲ្យដឹងថាវាអាចចំណាយពេលដក់ទៅមួយសប្តាហ៍ ដើម្បីអាចពន្លត់អគ្គិភ័យនេះបានទាំងស្រុង ក៏ប៉ុន្តែក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានទប់ស្កាត់លែងឲ្យវារីករាលដាលកាន់តែខ្លាំងទៀតហើយនៅថ្ងៃព្រហស្បតិ៍នេះ។ ដោយឡែកមូលហេតុដែលបានបង្កជាភ្លើងឆេះព្រៃនេះពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈអាជ្ញាធរកំពុងតែបន្តធ្វើការស៊ើបអង្កេត។
គួរបញ្ជាក់ផងដែរថានៅថ្ងៃអង្គារសប្តាហ៍នេះ អាកាសយានិកម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ ខណៈពេលដែលកំពុងជួយធ្វើការពន្លត់អគ្គីភ័យនៅតាមជម្រាលភ្នំជុំវិញទីក្រុង Christchurch ដែលបាននិងកំពុងបន្តទទួលរងអាកាសធាតុក្តៅស្ងួតហួតហែងនៃរដូវក្តៅនៅភាគខាងត្បូងប្រទេសនូវែលសេឡង់៕