(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក John Carlin ដែលធ្លាប់ម្រើការ នៅក្រោមរដ្ឋបាលលោក អូបាម៉ា បាននិយាយថា បណ្ដាប្រទេសនៅអឺរ៉ុបគួរតែត្រៀមខ្លួនឱ្យហើយ ដើម្បីឆ្លើយតបទៅនឹងចេតនារបស់រុស្ស៊ី និងបុគ្គលឬក៏រដ្ឋដ៏ទៃទៀតជុំវិញការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង តាមរយៈការវាយប្រហារព័ត៌មានវិទ្យា ឬ Hack លទ្ធផលបោះឆ្នោតរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក John Carlin ធ្វើឡើងនៅក្នុងសន្និសីទមួយស្ដីពីសន្តិសុខព័ត៌មានវិទ្យាកាលពីថ្ងៃពុធ ដោយលោក Carlin បានកត់សម្គាល់ ដែរថាសហរដ្ឋអាមេរិក មិនបានធ្វើការឆ្លើយតបគ្រប់គ្រាន់ឡើយ ទៅនឹងការ Hack សារអេឡិចត្រូនិច របស់ក្រុមមន្ត្រីគណបក្សប្រជាធិបតេយ្យនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦។
លោក Carlin លើកឡើងដូច្នេះថា «អ្វីដែលយើងបានធ្វើគឺវាយឺតពេលណាស់ទៅហើយ (...) មុននឹងការបោះឆ្នោតមកដល់វាពិតជាមានសារៈសំខាន់ណាស់ តែមិនមែនសម្រាប់សហរដ្ឋអាមេរិក តែម្នាក់ឯងនោះទេពោលគឺវាក៏ចាំបាច់ចំពោះដៃគូរបស់យើងដូចជាអាល្លឺម៉ង់ និងបារាំងផងដែរ ដែលត្រូវតែបញ្ជាក់ឱ្យច្បាស់ថា តើអ្វីទៅជាបន្ទាត់ក្រហមអ្វីទៅជាការឆ្លើយតប និងការទប់ស្កាត់ដ៏រឹងមំា ខណៈយើងត្រូវតែប្រាកដថា គោលនយោបាយរបស់ពួកយើងនឹងធ្វើសកម្មភាពរហូតដល់សកម្មភាពនេះ (ការ Hack លទ្ធផលបោះឆ្នោត) ដើរដល់ទីបញ្ចប់»។
គួរបញ្ជាក់ថាប្រទេសនៅអឺរ៉ុប ដែលនឹងត្រូវរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០១៧នេះ មានអាល្លឺម៉ង់ បារំាង និងហូឡង់៕