(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវដល់រដ្ឋាភិបា ប្រទេសវេណេស៊ុយអេឡានាយប់ថ្ងៃពុធសប្តាហ៍នេះ ឲ្យដោះលែងលោក Leopoldo Lopez ដែលជាប្រធានគណបក្សប្រឆាំង និងជាអ្នកទោសនយោបាយនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter យ៉ាងដូច្នេះថា «វេណាហ្ស៊ុយអេឡា គួរតែផ្តល់ការអនុញ្ញាតឲ្យលោក Leopoldo Lopez ដែលជាអ្នកទោសនយោបាយមួយរូប និងជាស្វាមីរបស់លោកស្រី Lilian Tintori ដែលទើបតែបានចូលជួបជាមួយរូបខ្ញុំនោះ ចាកចេញពីពន្ធនាគារភ្លាមៗទៅ»។
គួរបញ្ជាក់ថាលោក Leopoldo Lopez បច្ចុប្បន្នកំពុងទទួលទោសជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ដោយសារការធ្វើបាតុកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ដែលនាំឲ្យឈានដល់ការស្លាប់របស់មនុស្សចំនួន៤៣នាក់។ ដោយឡែកកាលពីថ្ងៃចន្ទសប្តាហ៍នេះ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិនៃក្រសួងរតនាគារជាតិអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងអនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Tareck El Aissami នៅក្រោមច្បាប់សហព័ន្ធស្តីពីការរត់ពន្ធគ្រឿងញៀនថែមផង ហើយក្នុងថ្ងៃដដែលនេះលោក ដូណាល់ ត្រាំ ក៏បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ស្តីពីបញ្ហាសន្តិសុខនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាផងដែរ៕