(ហ្សាការតា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីចំនួនពីរលើកផ្ទួនៗក្នុងថ្ងៃតែមួយបានវាយប្រហារខេត្តអាសេ ភាគពាយ័ព្យប្រទេសឥណ្ឌូណេស៊ី ដែលជាតំបន់ធ្លាប់ទទួលរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយផងដែរកាលពីខែធ្នូ ឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ តី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីទាំងពីរលើកខាងលើនេះត្រូវបានទីភ្នាក់ងារព្យាករណ៍ភូមិសាស្ត្រអាមេរិក USGS រាយការណ៍ថាមានកម្រិត ៥.១ រ៉ិចទ័រ និង ៥.៦រ៉ិចទ័រ ដែលជាកម្រិតបង្គួរ។ មិនទាន់មានសេចក្តីរាយការណ៍ណាបញ្ជាក់ពីការខូចខាត ឬក៏មានមនុស្សរងគ្រោះថ្នាក់ក្នុងគ្រោះធម្មជាតិនេះឡើយ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ រញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារតំបន់ Trianggadeng នៃខេត្តអាសេដដែលនេះ និងបានសម្លាប់មនុស្សជាង ១០០នាក់ ថែមទាំងងបំផ្លិចបំផ្លាញផ្ទះ និងអគារនានាសរុប ១១,០០០ខ្នងឯណោះ៕