(បាងកក)៖ រដ្ឋាភិបាលថៃបានឲ្យដឹងថា ខេត្តបីនៅភាគអាគ្នេយ៍ដែលនឹងត្រូវធ្វើការអភិវឌ្ឍឲ្យមានសក្តានុពលខ្លាំងខាងវិស័យឧស្សាហកម្មមានដូចជា Chachoengsao (ឆាឈឹងសៅ), Chonburi (ឈុនបុរី), និង Rayong (រ៉ាក់យ៉ង) ដែលសុទ្ធសឹងតែជាប់ខេត្ត Sa Kaeo (ស្រះកែវ) និង Chanathaburi (ច័ន្ទបុរី)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ការអភិវឌ្ឍខាងលើនេះ គឺតាមរយៈការបង្កើតច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដែលគ្របដណ្តប់លើផ្ទៃដី ១៣,២៨៥ហិកតាស្ថិតនៅក្នុងខេត្តទាំងបីខាងលើ ហើយរដ្ឋាភិបាលថៃបានសម្រេចផ្តោតសំខាន់ទៅលើការអភិវឌ្ឍនេះក្នុងគោលបំណងទាក់ទាញការបណ្តាក់ទុនវិនិយោគទៅកាន់ផ្នែកឧស្សាហកម្មដែលត្រូវបានជ្រើសរើសដូចជា យានយន្តជំនាន់ថ្មី, អេឡិចត្រូនិច, ជីវបច្ចេកវិទ្យា, ជីវឥន្ទនៈ, និងអាកាសចរណ៍ជាដើម។ល។
គួរបញ្ជាក់ថាដើម្បីធ្វើឲ្យវិនិយោគិនថៃក៏ដូចជាអន្តរជាតិមានភាពជឿជាក់ខ្ពស់ថា EEC ពិតជាមានការទាក់ទាញហើយនឹងទទួលជោគជ័យប្រាកដមែននោះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃលោក Uttama Savanayana ដែលជាអ្នកទទួលបន្ទុកគ្រប់គ្រងលើគំរោងនេះបាននិយាយថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនឹងត្រូវអភិវឌ្ឍន៍បន្ថែមផងដែរ៕