(អាមេរិក)៖ យោងតាមការចេញផ្សាយរបស់ យ៉ុនហាប់ ដកស្រង់ពីបណ្តាញផ្សព្វផ្សាយរបស់អាមេរិកឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់បានបញ្ជូនមន្ត្រីមកចរចាជាមួយលោក គីម ជុងណាំ នៅទីក្រុងម៉ាកាវប្រទេសចិនកាលពីថ្ងៃទី២០ ខែមករា ដើម្បីឲ្យរូបលោកត្រឡប់ទៅកូរ៉េខាងជើងវិញ។ នេះបើតាមសារព័ត៌មានយ៉ុនហាប់ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពដដែលបានបន្តទៀតថា មន្ត្រីដែលត្រូវបានបញ្ជូនមកចរចានេះ គឺជាអ្នកនាំពាក្យរបស់លោក គីម ជុងអ៊ុន ផ្ទាល់តែម្តងដោយសារតែរបបដឹកនាំកូរ៉េខាងជើង មានការព្រួយបារម្ភថាលោក គីម ជុងណាំ អាចរត់ទៅសុំជ្រកកោណនៅកូរ៉េខាងត្បូង ឬមួយក៏សហរដ្ឋអាមេរិក ដូចមន្ត្រីទូតកូរ៉េខាងជើងដែលបានរត់ពីចក្រភពអង់គ្លេសទៅកាន់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ នោះដែរ ប៉ុន្តែពុំមានការបញ្ជាក់ណាមួយអំពីអត្ថន័យស្នូលនៅក្នុងកិច្ចចរចាសម្ងាត់នោះឡើយ។
គួរបញ្ជាក់ថាលោក គីម ជុងណាំ ត្រូវបានគេបំពុលឲ្យស្លាប់នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយប៉ូលិសម៉ាឡេស៊ីបានចាប់ឃុំស្ត្រីជាជនសង្ស័យចំនួនពីររូបរួចមកហើយ រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ ខណៈការស៊ើបអង្កេត និងសួរចម្លើយយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរម៉ាឡេស៊ីនៅឡើយទេ។ ដោយឡែកសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសុទ្ធតែជឿជាក់ថា របបដឹកនាំកូរ៉េខាងជើង គឺជាអ្នកដែលបានប្រព្រឹត្តរឿងឃាតកម្មលើសាច់ឈាមឯងនេះ៕