(ម៉ូស្គូ)៖ មន្រ្តីយោធាជាន់ខ្ពស់នៃប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងជួបពិភាក្សាគ្នានៅក្នុងទីក្រុង Baku នៃប្រទេស Azerbaijan នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើ លោកឧត្តមសេនីយ៍ Valery Gerasimov ប្រធានអគ្គសេនាធិការនៃកងទ័ពរុស្ស៊ី និងលោក Joseph Dunford ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សាគ្នាអំពីស្ថានភាពក៏ដូចជាទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការនាបច្ចុប្បន្ន។ ម៉្យាងវិញទៀតលោកមេបញ្ជាការយោធាទាំងពីររូប ត្រូវបានគេរំពឹងថានឹងរុករកមធ្យោធាយដើម្បីទប់ស្កាត់ការកើតមានឡើងនៃឧប្បត្តិហេតុផ្នែកយោធានានា និងផ្លាស់ប្តូរទស្សនៈរវាងគ្នានិងគ្នាស្តីពីស្ថានការណ៍សន្តិសុខ នៅក្នុងតំបន់កំពុងជម្លោះផ្សេងៗទូទាំងពិភពលោក។
នាថ្ងៃព្រហស្បតិ៍នេះដែររដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Larov ក៏នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ផងដែរនៅក្នុងជំនួបផ្លូវការនៃកិច្ចប្រជុំ G20 ថ្នាក់រដ្ឋមន្រ្តីការបរទេស ក្នុងទីក្រុង Bonn នៃប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេគីនិងបញ្ហាក្នុងតំបន់។
គួរបញ្ជាក់ថាការព្យាយាមបង្កើតទំនាក់ទំនងផ្នែកយោធា និងការទូតរវាងប្រទេសទាំងពីរនេះត្រូវបានធ្វើស្របពេលដែលហេតុការណ៍ជាច្រើនបានបន្ថែមភាពស្រពិចស្រពិលទៅលើសំណើនៃការប៉ុនប៉ងបង្កើតទំនាក់ទំនងអាមេរិក-រុស្ស៊ីឡើងវិញ។ ដោយឡែកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Flynn បានសម្រេចចិត្តលាលែងពីតំណែង បន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនដែលថារូបលោកបានភូទកុហក់អំពីការសន្ទនាដោយសម្ងាត់ អំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី៕