(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបោះបង់ចោលហើយ នូវគោលនយោបាយរបស់សហរដ្ឋអាមេរិករាប់ទសវត្សរ៍មកនេះ នោះគឺដំណោះស្រាយរដ្ឋពីររវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដោយលោកបានសន្យាថានឹងស្វែងរកសន្តិភាពសម្រាប់ភាគីជម្លោះទំាងពីរ ក៏ប៉ុន្តែលោកបញ្ជាក់ថានឹងគាំទ្រដំណោះស្រាយរដ្ឋមួយ បើសិនជាវានាំឆ្ពោះទៅរកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ លោក ដូណាល់ ត្រាំ បានប្ដេជ្ញាថាលោកស្វែងរកកិច្ចព្រមព្រៀងសន្តិភាពមួយដ៏ធំអស្ចារ្យតែតម្រូវឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនត្រូវតែព្រមព្រៀង ឬសម្រុះសម្រួលគ្នាជាមុនសិន។ លោក ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំកំពុងសម្លឹងមើលដំណោះស្រាយរដ្ឋពីរ ឬរដ្ឋមួយ ហើយខ្ញុំចូលចិត្តអ្វីដែលភាគីទំាងពីររើសយក (...) ខ្ញុំគិតថាដំណោះស្រាយរដ្ឋពីរគឺមានភាពងាយស្រួល ក៏ប៉ុន្តែនិយាយដោយស្មោះត្រង់ទាល់តែអ៊ីស្រាអែល និងប៉ាឡេស្ទីនពេញចិត្តពោលគឺបើពួកគេអាច រើសយកអ្វីដែលពួកគេចូលចិត្តដូចគ្នាខ្ញុំក៏សប្បាយចិត្តដែរ»។
គួរបញ្ជាក់ថាអ៊ីស្រាអែល និងប៉ាឡេស្ទីនមិនបានធ្វើកិច្ចចរចាសន្តិភាពជាមួយគ្នាតាំងតែពីឆ្នាំ២០១៤មកម្លេះ ខណៈបច្ចុប្បន្នអ៊ីស្រាអែលកំពុងបង្កើនសកម្មភាពអាណានិគមក្នុងតំបន់ West Bank ដែនដីប៉ាឡេស្ទីន តាមរយៈការសាងសង់លំនៅឋានបន្ថែម ៤,០០០ខ្នងសម្រាប់ជនជាតិជី្វបហើយជុំវិញបញ្ហានេះដែរ លោក ដូណាល់ ត្រាំ បានស្នើឱ្យអ៊ីស្រាអែលដកសកម្មភាពអាណានិគមនេះត្រឡប់មកវិញ៕