(គូឡាឡាពួរ)៖ ប៉ូលិសម៉ាឡេស៊ីនៅថ្ងៃពុធនេះ បានឱ្យដឹងថា ជនសង្ស័យជាស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម លើបងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបានចាប់ខ្លួន និងបញ្ជាក់ពីអត្តសញ្ញាណហើយ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺថាស្ត្រីរូបនេះជាពលរដ្ឋវៀតណាម ខណៈ សំណួរជាច្រើនកំពុងត្រូវបានគេចោទសួរថា តើនាងពិតជាបានសម្លាប់លោក គីម ជុងណាំ មែនឬក៏យ៉ាង? ចំណែកឯរដ្ឋាភិបាលវៀតណាម មិនទាន់ធ្វើការអត្ថា ធិប្បាយ​ណាមួយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័តមាន Sputnik របស់រុស្ស៊ី នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមកាមេរ៉ាសុវត្ថិភាព នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុងគូឡាឡាំពួរ ស្ត្រីម្នាក់ស្លៀកពាក់អាវយឺតដៃវែងពណ៌ស និងសំពត់ខ្លី បានដើរទៅជិតលោក គីម ជុងណាំ តែប៉ុន្មានវិនាទីប៉ុណ្ណោះ មុននឹងលោកត្រូវគេធ្វើឃាត។ ស្ត្រីរូបនោះជាពលរដ្ឋ​វៀតណាម មានឈ្មោះថា Doan Thi Huong កើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៨៨ ក្នុងខេត្ត Nam Dinh ដែលត្រូវបានចាប់ខ្លួន​នៅព្រឹកថ្ងៃពុធនេះ នៅឯកន្លែងរង់ចាំចេញដំណើរទី២ នៃអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរ។ ជាងនេះទៀត ប៉ូលិសម៉ាឡេស៊ី ក៏បានឃាត់ខ្លួនតៃកុងតាក់ស៊ីម្នាក់ផងដែរ ពីបទសង្ស័យថា បានជួយលាក់បាំងជនសង្ស័យ នៅក្នុងរថយន្ដរបស់ខ្លួន។  

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ លោក គីម ជុងណាំ ត្រូវបានគេសម្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅប្រទេសម៉ាឡេស៊ី អំឡុងពេលដែលលោកកំពុងត្រៀមខ្លួនឡើងជិះលើយន្ដហោះចាកចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងម៉ាកាវ។ ក៏ប៉ុន្តែភ្លាមៗនោះដែរ លោក បែរជាមានអាការៈមិនស្រួលខ្លួន និងក្រោយមកបានដាច់ខ្យល់ស្លាប់ នៅតាមផ្លូវធ្វើដំណើរទៅកាន់មន្ទីពេទ្យ ហើយបើតាមប្រភពផ្សេងៗពីគ្នា លោក គីម ជុងណាំ ត្រូវបានឃាតកបំពុល​ឱ្យស្លាប់ដោយសារធាតុរាវម្យ៉ាង រីឯប្រភពខ្លះទៀតថា លោកត្រូវគេលួចចាក់បញ្ចូលថ្នាំពុលទៅក្នុងខ្លួន។ ដោយឡែកមុននឹង​មានការ ចាប់ខ្លួននេះ សារព័ត៌មានជប៉ុនក្យូដូ បានរាយការណ៍ថា ស្ត្រីពីរនាក់សង្ស័យមាន​ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ បានបាត់បង់ជីវិតទៅហើយ ស្របពេលប៉ូលិសម៉ាឡេស៊ី កំពុងស្វែងរកជនជាប់ពាក់ព័ន្ធបន្ថែមទៀត៕