(ម៉ូស្គូ)៖ ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ព័ត៌មានដែលថា រុស្ស៊ីបានបំពានលើសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក ដោយការដាក់ពង្រាយមីស៊ីលដែលត្រូវបានហាមឃាត់នោះ វិមានក្រិមឡាំងបានចេញមុខធ្វើការបញ្ជាក់អះអាងថា រដ្ឋាភិបាលទីក្រុងម៉ូស្គូមានការប្តេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះកតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដោយរួមបញ្ចូលទាំងបញ្ហាមីស៊ីលនេះផងដែរ យោងទៅលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាកាលពីអតីតកាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងដូច្នេះថា «រុស្ស៊ីបានក៏ដូចជានឹងនៅតែប្តេជ្ញាគោរពតាមកិច្ចព្រមព្រៀងអន្តរជាតិនានា ដោយរួមបញ្ចូលទាំងសន្ធិសញ្ញាដែលកំពុងរងមន្ទិលសង្ស័យនេះ ហើយពីមុនមកពុំដែលមាននរណាម្នាក់ ឬក៏ប្រទេសណាមួយបានធ្វើការចោទប្រកាន់ជាផ្លូវការថាប្រទេសរុស្ស៊ីបានរំលោភបំពានសន្ធិសញ្ញាមីស៊ីលនេះឡើយ»។
គួរបញ្ជាក់ថាសារព័ត៌មានអាមេរិក ដោយផ្នែកលើប្រភពពីមន្រ្តីរដ្ឋាភិបាលអាមេរិកផ្ទាល់បានចុះផ្សាយថាប្រទេសរុស្ស៊ីបានធ្វើការដាក់ពង្រាយប្រព័ន្ធគ្រូសមីស៊ីល (Cruise Missile) ដែលប្រើសម្រាប់បាញ់ចេញពីលើផ្ទៃដី ទោះបីជាសហរដ្ឋអាមេរិកបានរិះគន់ថាទង្វើនេះបានបំពានលើសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធដែលបានដាក់បំរាមហាមឃាត់ទៅលើមីស៊ីលរយៈមធ្យមសម្រាប់បាញ់ពីផ្ទៃដីរបស់អាមេរិក និងរុស្ស៊ីយ៉ាងណាក្តី៕