(វែលីងតោន)៖ ទីក្រុងធំដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសនូវែលសេឡង់ Chirstchurch បានធ្វើការប្រកាសអាសន្នក្នុងកម្រិតខ្ពស់បំផុត ហើយប្រជាជនរាប់រយនាក់ហើយត្រូវបានជម្លៀសចេញនៅតំបន់ដែលភ្លើងឆេះព្រៃបាននិងកំពុងលេបត្របាក់ជាបណ្តើរៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមក្រុមប្រឹក្សាក្រុង Christchurch មនុស្សប្រមាណ ៣០០នាក់ទៅ៤០០នាក់ ត្រូវបានគេជម្លៀសចេញពីលំនៅឋានជាបន្ទាន់នៅឯតំបន់ Port Hills នៃទីក្រុង ហើយប្រជាជនរាប់រយនាក់ផ្សេងទៀតបានរត់ភៀសខ្លួន ដោយឯកឯងដើម្បីបង្ការគ្រោះថ្នាក់។ ព្រមពេលជាមួយគ្នាកងកម្លាំងការពារជាតិនូវែលសេឡង់ ក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Christchurch ដើម្បីជួយដល់ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងការពន្លត់ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ដែលកំពុងរីករាលដាលលើផ្ទៃដីប្រហែល១,៦៥៥ហិកតានេះផងដែរ។
គួរបញ្ជាក់ដែរថានៅថ្ងៃអង្គារម្សិលមិញនេះ អាកាសយានិកម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ ខណៈពេលដែលកំពុងជួយធ្វើការពន្លត់អគ្គិភ័យនៅតាមជម្រាលភ្នំជុំវិញទីក្រុង Christchurch ដែលបាននិងកំពុងបន្តទទួលរងអាកាសធាតុក្តៅស្ងួតហួតហែងនៃរដូវក្តៅនៅភាគខាងត្បូងប្រទេសនូវែលសេឡង់៕